(ភ្នំពេញ)៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានឡើកឡើងថា ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានលើកទី២ ដែលនឹងធ្វើឡើងពីថ្ងៃទី១៥-១៨ ខែកក្កដា ឆ្នាំ២០២៤នេះ នឹងជួយជំរុញលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ ឱ្យពង្រឹងនិងពង្រីកផលិតផលជលក្រោយប្រមូលផល ទាំងទឹកសាប និងទឹកប្រៃ ដើម្បីធានាស្តង់ដារសុវត្ថិភាពម្ហូបអាហារដល់អ្នកបរិភោគ ពង្រីកទីផ្សារក្នុងស្រុក និងឈានឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល កញ្ញា អ៉ឹម រចនា បានដឹកនាំអ្នកសារព័ត៌មានជាង៤០នាក់ ធ្វើទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផល ក្រោមប្រធានបទ «ការទទួលស្គាល់ក្នុងស្រុក និងជាសកលសម្រាប់ផលិតផលជលផល៖ ផលិតអាហារមានសុវត្ថិភាព ដើម្បីពន្លឿនភាពជោគជ័យ» តាមបណ្ដាខេត្តជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជា ដោយទទួលបានការគាំទ្រពីគម្រោង CAPFish-Capture ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប។
អនុរដ្ឋលេខាធិការក្រសួងកសិកម្មរូបនេះ បានបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលក្រសួងបានសហការជាមួយសហភាពអឺរ៉ុប និងអង្គការ UNIDO រៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់ និងផ្សព្វផ្សាយពីផលិតផលជលផលក្រោយប្រមូលផល បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់កន្លងទៅ។
លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានឱ្យដឹងថា អង្គការ UNIDO បានចូលរួមយ៉ាងសកម្ម ក្នុងគម្រោងទាំងឡាយដែលប្រកបដោយនវានុវត្តន៍ ដើម្បីអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មប្រកបដោយចីរភាព ដោយផ្សារភ្ជាប់បំពេញបន្ថែមនូវគម្លាត រវាងវិនិយោគិន សហគ្រិន និងម្ចាស់គម្រោង ក៏ដូចជាគាំទ្រដល់សមភាគី ដែលជារដ្ឋសមាជិកក្នុងការទទួលបានហិរញ្ញប្បទានសាធារណៈ និងឯកជន ដើម្បីជំរុញវិនិយោគ អភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយនិរន្តរភាព។
អង្គការ UNIDO និងរាជរដ្ឋាភិបាល បានរៀបចំនិងអនុវត្តកម្មវិធីភាពជាដៃគូពហុភាគី (PCP 2020-2023) សំដៅអភិវឌ្ឍវិស័យ ឧស្សាហកម្មប្រកប ដោយបរិយាប័ន្ន និងចីរភាព និងគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការសម្រេចបាន ឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០។
សូមជម្រាបដែរថា នៅក្នុងក្របខ័ណ្ឌ PCP អង្គការ UNIDO បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមជាច្រើន នៅក្នុងប្រទេសកម្ពុជា ដែលមកទល់ពេលនេះ បានអនុវត្តគម្រោងចំនួន១៥ហើយ ទាក់ទិននឹងគោលនយោបាយការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិឧស្សាហកម្មនវានុវត្តន៍ ពិពិធភាវូបនីយកម្មឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធគុណភាព និរន្តរភាពថាមពល សេដ្ឋកិច្ចចក្រា រួមទាំងការផ្តល់ភាពអង់អាចដល់ស្ត្រីព្រមទាំងការងារសម្រាប់យុវជនជាដើម ដែលមានថវិកាសរុបប្រមាណ២៦,៨លានដុល្លារអាមេរិក ហើយក៏បានកៀរគរទុនចូលរួមវិនិយោគ ពីតួអង្គពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន៕