(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ (គ.ជ.អ.ស) បានអញ្ជើញជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយលើរបាយការណ៍សេដ្ឋកិច្ច និងសង្គមនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ដែលរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វករបស់អង្គការសហប្រជាជាតិ (UN-ESCAP) ប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារហីម៉ាវ៉ារី រាជធានីភ្នំពេញ។
កិច្ចពិគ្រោះយោបល់នេះ មានចូលរួមថ្លែងសុន្ទរកថាពី លោក Hamza Ali Malik នាយកទទួលបន្ទុកផ្នែកគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍរបស់ UN-ESCAP និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា និងមានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីជំនាញរបស់ UN-ESCAP។
នាឱកាសនោះ ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល បានគ្រប់គ្រង និងប្រើប្រាស់បំណុលសាធារណៈ យ៉ាងមានប្រសិទ្ធភាព ដែលក្នុងនោះ ភាគច្រើននៃកម្ចីដែលទទួលបាន មានលក្ខណៈជាសម្បទាន និងត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍ វិស័យអាទិភាព ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែងប្រកបដោយចីរភាព និងបង្កើនផលិតភាពសេដ្ឋកិច្ច។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងផងដែរថា បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវ យុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណ ទាំង ៤ ដំណាក់កាល ដោយសម្រេចបានសមិទ្ធផលធំៗ លើគ្រប់វិស័យទាំងនយោបាយ សង្គម និងសេដ្ឋកិច្ច ដែលនាំកម្ពុជា ឲ្យសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈបំផុត។
លោកបានបន្ថែមថា លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
លោកបានគូសបញ្ជាក់ថា អស់រយៈពេលជាង១១ខែ រាជរដ្ឋាភិបាលបានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនជាពិសេស លើវិស័យសុខាភិបាល ការបណ្តុះបណ្តាលវិជ្ជាជីវៈ សុខុមាលភាព ការងារ ការដោះស្រាយទំនាស់ សកម្មភាពអាកាសធាតុ និងផ្សេងៗទៀត។ រាជរដ្ឋាភិបាលកម្ពុជា បន្តប្តេជ្ញាថានឹង «មិនទុកនរណាម្នាក់ចោល» និងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយដល់ក្រុមដែលខ្វះខាត និងងាយរងគ្រោះ ដើម្បីធានាឱ្យប្រជាជនទាំងអស់ទទួលបានអត្ថប្រយោជន៍ពីវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចបាននូវ គៅលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។
លោកបានបន្ថែមថា ដំណាក់កាលទីមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដែលបាន និងកំពុងអនុវត្តបានផ្តល់នូវអត្ថប្រយោជន៍ចំពោះប្រជាពលរដ្ឋ ជាពិសេសចំពោះប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ។ ជីវភាពរស់នៅរបស់ពួកគាត់បានប្រសើរឡើង ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវឋានៈ ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឋានៈប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោកបានលើកឡើងថា សមិទ្ធផលនានាដែលកម្ពុជាសម្រេចបាន គឺអាស្រ័យដោយសន្តិភាព និងស្ថិរភាព ដែលបានកសាងឡើង និងការពារដោយរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ ជាពិសេសស្ថាប័ននានារបស់អង្គការសហប្រជាជាតិ រួមមាន UN-ESCAP និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ផងដែរ។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអង្គការសហប្រជាជាតិ ជាពិសេស UN-ESCAP និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការកសាងសន្តិភាពនិងស្ថិរភាព និងការការពារបរិស្ថាននៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយ UN-ESCAP ហើយការចូលរួមរបស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់ UN-ESCAP នាពេលថ្មីៗនេះ គឺជាសក្ខីភាពនៃការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកបានលើកឡើងជាពិសេសថា កម្ពុជាបាន និងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហា ការប្រឈម និងគ្រោះថ្នាក់នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងមន្ត្រីជំនាញរបស់ UN-ESCAP ដែលបានចំណាយពេលដ៏មានតម្លៃរបស់ខ្លួនចូលរួម និងផ្តល់ធាតុចូលយ៉ាងសកម្មនៅក្នុងកិច្ចពិគ្រោះយោបល់នេះ៕