(ភ្នំពេញ)៖ កាលពីខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ ក្រសួងមហាផ្ទៃបាននាំចូលរថយន្តពន្លត់អគ្គិភ័យថ្មីៗជាង ១០០គ្រឿងបន្ថែមទៀតមកពីប្រទេសចិន ចែកចាយទៅតាមបណ្តាស្រុកនានានៅក្នុងប្រទេសកម្ពុជា ដើម្បីជួយអន្តរាគមន៍ពន្លត់ភ្លើងឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនៅពេលកើតមានគ្រោះអគ្គិភ័យ។

នៅតាមបណ្តាស្រុកដាច់ស្រយ៉ាល គេសង្កេតឃើញថា រាល់ពេលកើតមានគ្រោះអគ្គិភ័យម្តងៗ ទាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ តែងតែត្រូវព្រះអគ្គីលេបត្របាក់បំផ្លាញអស់គ្មានសល់ឡើយ ព្រោះតែខ្វះមធ្យោបាយក្នុងការអន្តរាគមន៍ ពោលគឺមិនមានរថយន្តពន្លត់អគ្គិភ័យ ក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យតែម្តង។

ក្នុងបំណងទប់ស្កាត់ និងចង់ជួយអន្តរាគមន៍លើគ្រោះអគ្គិភ័យឲ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ ក៏បានសម្រេចបែងចែករថយន្តនាំចូល ពីចិនជាង ១០០គ្រឿងទៅតាមបណ្តាស្រុកនានានៅទូទាំងប្រទេស ទុកសម្រាប់មន្រ្តីនគរបាលចេញអន្តរាគមន៍នៅពេលមានគ្រោះអគ្គិភ័យកើតឡើង។ ប្រជាពលរដ្ឋកម្ពុជា ជាពិសេសអ្នកនៅតាមទីជនបទ បានបង្ហាញការសាទរជាខ្លាំងចំពោះយន្តការ និងការយកចិត្តទុកដាក់ពីសមត្ថកិច្ច ហើយពួកគាត់រំពឹងថា ការជួយអន្តរាគមន៍លើគ្រោះអគ្គិភ័យ នឹងមានប្រសិទ្ធភាពខ្ពស់ជាងពេលមិនទាន់ពង្រាយរថយន្ត ពន្លត់អគ្គិភ័យ។

តែក្តីរំពឹងនេះ បានក្លាយជាអសារបង់ទៅវិញ។ អាសារបង់ដោយសារនៅតំបន់មួយចំនួនមានតែរថយន្តពន្លត់អគ្គិភ័យ តែខ្វះមន្រ្តីជំនាញជាហេតុធ្វើឲ្យការអន្តរាគមន៍មិនមានប្រសិទ្ធភាព រថយន្តបានត្រឹមយកទៅដាក់តាំងកន្លែងឆាបឆេះ តែមិនអាចជួយអ្វីបានទាំងអស់។

កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ មានគ្រោះអគ្គិភ័យមួយបានកើតឡើងនៅក្នុងភូមិស្រែអំពិល ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្តកណ្តាល។ ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គិភ័យ និងអ្នកនៅជិតខាង បានសម្តែងការរីករាយខ្លាំង ព្រោះពេលឆាបឆេះភ្លាមរថយន្តពន្លត់អគ្គិភ័យអមដោយអធិការ និងអធិការរងស្រុកកៀនស្វាយផងនោះ បានចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ដែលខុសប្លែកពីមុន បើឆេះហើយមានតែប្រជាពលរដ្ឋនាំគ្នា ជួយពន្លត់អត់មានរថយន្តពន្លត់អគ្គិភ័យបែបនេះឡើយ។

តែក្តីសង្ឃឹមប្រែជារលាយដូចអំបិលត្រូវទឹកមួយរំពេច ព្រោះរថយន្តពន្លត់អគ្គិភ័យ ដែលទឹកមកដល់កន្លែងកើតហេតុអត់មានមន្រ្តីជំនាញបាញ់ទឹកនោះឡើយ ទាំងលោកអធិការ អធិការរង និងកម្លាំងនគរបាលដទៃទៀត បានរត់ឆ្លេឆ្លា ខ្លះទាញទុយោ ខ្លះរត់ទៅបើកទឹកចេញពីរថយន្ត តែអកុសលអីទឹកនោះបាញ់ មិនចេញនោះឡើយ។

ប្រតិបត្តិការខ្វះអ្នកជំនាញ និងដ៏រញ៉េរញ៉ៃនោះ ទីបំផុតត្រូវបរាជ័យ ចាប់តាំងពីភ្លើងឆេះតិចៗ រហូតដល់អំណាចភ្លើងឆាបឆេះផ្ទះអស់ទាំង ស្រុង មន្រ្តីនគរបាលក្នុងស្រុកកៀនស្វាយនៅតែមិនអាចបាញ់ទឹកចេញពីរថយន្តពន្លត់ភ្លើងនោះបានឡើយ បានត្រឹមឈរមើលអណ្តាត ភ្លើងលេបត្របាក់ផ្ទះនោះរហូតអស់។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ក៏ដូចជាអ្នកបានឃើញវីដេអូប្រតិបត្តិការរបស់មន្រ្តីពន្លត់អគ្គិភ័យក្នុងស្រុកកៀនស្វាយ បានផ្ទុះការខឹង សម្បារ និងសម្តែងការខកចិត្តខ្លាំងណាស់ផងដែរ ចំពោះភាពកម្សោយរបស់មន្រ្តីនគរបាលស្រុកកៀនស្វាយ។

ដើម្បីបញ្ចៀសកុំឲ្យឃើញសកម្មភាពដ៏កម្សោយរបស់មន្រ្តីនគរបាលពន្លត់អគ្គិភ័យនៅតាមបណ្តាស្រុកបែបនេះទៀត ក្រសួងមហាផ្ទៃមិនត្រូវផ្តល់ត្រឹមតែរថយន្តពន្លត់អគ្គិភ័យនោះឡើយ គួរតែបំពាក់ជំនាញប្រើប្រាស់រថយន្ត និងពន្លត់អគ្គិភ័យដល់មន្រ្តីនគរបាលនៅតាមបណ្តាស្រុកផងដែរ បើមិនដូច្នោះប្រតិបត្តិការជួយប្រជាពលរដ្ឋពីគ្រោះអគ្គិភ័យនឹងគ្មានប្រសិទ្ធភាពនោះឡើយ។

បន្ថែមពីការផ្តល់ជំនាញហើយនោះ មន្រ្តីពន្លត់អគ្គិភ័យនៅតាមបណ្តាស្រុកនោះ ក៏គួរប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពខ្លួនឯងផងដែរ ដើម្បីឲ្យប្រតិបត្តិការពន្លត់អគ្គិភ័យទទួលបានប្រសិទ្ធភាព។ មួយវិញរថយន្ត ដែលទទួលបានហើយនោះ នៅអធិការដ្ឋាននីមួយៗ ក៏គួរមើលថែឲ្យបានជាប្រចាំផងដែរ កុំយកទៅទុកចោល ដល់ពេលត្រូវប្រើបែរជាខូច មិនអាចប្រើការកើត ដូច្នេះនឹងធ្វើឲ្យប្រជាពលរដ្ឋសង្ឃឹម លើសមត្ថកិច្ចនឹងកាន់តែអស់សង្ឃឹមខ្លាំងថែមទៀត៕