(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានកន្លែងបំពាក់អវយវៈសិប្បនិម្មិត និងរណប សម្រាប់ជនមានពិការភាព នៅតាមកន្លែងសេវាសុខាភិបាលឯកជន គឺជាកិច្ចមួយដែលក្រសួងសុខាភិបាលគាំទ្រជាខ្លាំង សំដៅធ្វើយ៉ាងណារួមគ្នាជួយបំពេញតម្រូវការរបស់អតិថិជនក្នុងការទទួលយកសេវាជាក់ស្តែង តែត្រូវផ្តល់សេវាប្រកដដោយក្រមសីលធម៍។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីសម្ពោធ គ្លីនិកអ៉ិកស៉ីដសង់ត្រាល់ អវយវៈសិប្បនិម្មិត និងរណប ក្រោមកិច្ចសហការពីអង្គការ អ៉ិកស៉ីដវើលវាយដ៏ និងមន្ទីរពេទ្យសង់ត្រាល់។ ពិធីនេះក៏មានការចូលរួមពីលោកស្រី ស៊ីម សុវណ្ណារា អគ្គនាយកមន្ទីពេទ្យសង់ត្រាល់ លោក ខេង ច័ន្ទវិចិត្រ អ្នកគ្រប់គ្រងគ្លីនិកអ៉ិកស៉ីដសង់ត្រាល់អវយវៈសិប្បនិម្មិត និងរណប និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានបន្ថែមទៀតថា តាមរយៈការពង្រីកសេវាបំពាក់អវយវៈសិប្បនិម្មិត និងរណប នៅក្នុងមន្ទីរពេទ្យសង់ត្រាល់របស់អង្គការ អ៉ិកស៉ីដវើលវាយដ៏ នាពេលនេះ រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល គឺបានគាំទ្រឱ្យមានសេវានេះទាំងក្នុងវិស័យរដ្ឋ និងឯកជន តែទោះជាយ៉ាងណាការផ្តល់សេវាគឺត្រូវតែប្រកាន់យកនូវក្រមសីលធម៍ និងវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ដោយគោរពឱ្យបាននូវសេចក្តីសម្រេចរបស់អតិជនចង់ប្រើសេវានៅក្នុងមូលដ្ឋានសេវាសុខាភិបាលណាមួយ។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានបន្ថែមថា ទាក់ទងនឹងរឿងពិការភាពនេះពីមុនមកប្រទេសកម្ពុជា គឺមានបញ្ហានេះច្រើនទាក់ទងនឹងគ្រាប់មីន និងសំណល់ពីសង្គ្រាម តែមកដល់ពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានធ្វើឱ្យមានការកាត់បន្ថយបានច្រើនជាអតិបរារួចហើយ តែយើងបែជាមកជួបនឹងបញ្ហាពិការនេះបណ្តាលមកពីជំងឺរ៉ាំរៃទៅវិញ ដែលជាក់ស្តែងនៅពេលបច្ចុប្បន្ននេះ ក្រសួងសុខាភិបាលក៏កំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការជួយដល់អ្នកជំងឺផងដែរ។
លោកវេជ្ជបណ្ឌិត ង៉ូវ កាង បានបន្ថែមថា នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត វិស័យសុខាភិបាលត្រូវបានយកចិត្តទុកដាក់ជាអតិភាព ហើយយកចិត្តទុកដាក់ខ្លាំងទៅលើជំងឺមិនឆ្លងនេះ តាមរយៈការពង្រីកលើការព្យាបាលជំងឺមិនឆ្លងនេះដូចជា ជំងឺសម្ពាធឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកនៅក្នុងដំណាក់កាលតំបូល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យស្រុក ដើម្បីធ្វើយ៉ាងណារំកិលសេវាទាំងនេះឱ្យបានខិតជិតនឹងប្រជាពលរដ្ឋដើម្បីឱ្យពលរដ្ឋងាយនឹងមកទទួលសេវាផងដែរ។
លោកស្រី ស៊ីម សុវណ្ណារា បានឱ្យដឹងដែរថា គ្លីនិកអ៉ិកស៉ីដសង់ត្រាល់អវយវៈសិប្បនិម្មិតនិងរណប នឹងដាក់ចេញនូវសេវាកម្មស្តារលទ្ធភាពពលកម្មកាយសម្បទាជាច្រើន ចាប់ពីការវាយតម្លៃ, ការធ្វើរោគវិនិច្ឆ័យ, និងការចេញវេជ្ជបញ្ជា ដល់ការផលិតឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ដែលផលិតទៅតាមតម្រូវការរបស់អតិថិជនចងបានផងដែរ។ ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ទាំងអស់ត្រូវបានផលិតនៅក្នុងរោងជាងថ្នាក់កណ្តាលផលិតឧបករណ៍សិប្បនិម្មិត និងរណប ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។
លោក ខេង ច័ន្ទវិចិត្រ បានឱ្យដឹងដែរថា អង្គការ អ៉ិកស៉ីដវើលវាយដ៏ មានបទពិសោធន៍ជាច្រើនឆ្នាំ និងយ៉ាងទូលំទូលាយនៅក្នុងការផ្តល់ឧបករណ៍អវយវៈសិប្បនិម្មិត និងរណប ជូនដល់ជនមានពិការភាពនៅក្នុងប្រទេសកម្ពុជា។ គ្លីនិកអ៉ិកស៉ីដសង់ត្រាល់ អវយវៈសិប្បនិម្មិតនិងរណបនេះ គឺជាគ្លីនិកគំរូដំបូងគេដែលមានទីតាំងនៅក្នុងមន្ទីរពេទ្យឯកជន ហើយអង្គការក៏មានគម្រោងនឹងបើកជាច្រើនទៀតនៅពេលអនាគត៕