(ភ្នំពេញ)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករ និងក្រុមការងារចុះថត MV ចម្រៀងថ្មីដោយផ្ទាល់ប្រកបដោយគុណភាព ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោនៅថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ចម្រៀងថ្មីដែលល្អ ប្រកបដោយគុណភាពខ្ពស់ ដើម្បីទុកជាប្រវត្តិសាស្រ្តដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ស្ថាប័ន និងសិល្បករល្បីៗបានច្រៀងរួមគ្នានេះ គឺមានប្រមាណជាង ៣ពាន់នាក់ឯណោះ។

ក្នុង MV ចម្រៀងនេះ មានការចូលរួមច្រៀងរួមគ្នាដោយកំពូលតារាចម្រៀងល្បីៗ ប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra ជាច្រើនរូប។ ជាក់ស្តែងក្នុងថ្ងៃថត MV ចម្រៀង «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» គឺអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញដឹកនាំថត MV ចម្រៀងដោយផ្ទាល់ ដើម្បីទទួលបាន MV ចម្រៀងថ្មីដែលល្អ ប្រកបដោយគុណភាពខ្ពស់ ដើម្បីទុកជាប្រវត្តិសាស្រ្តដែលមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករជាង ៣ពាន់នាក់ និងគ្រប់ស្ថាប័ន។ បើទោះបីជាការថត MV ចម្រៀងនេះត្រូវធ្វើឡើងភ្លាមៗ និងជួបនូវឧបសគ្គបន្តិចបន្តួចក្តី ប៉ុន្តែអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដឹកនាំក្រុមការងារ និងសិល្បករ ថតរហូតបញ្ចប់ដោយជោគជ័យ និងទទួលបាននូវសមិទ្ធផលដ៏ល្អ ដើម្បីបង្ហាញមហាជន។

បើតាមគម្រោង MV ចម្រៀង «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» នឹងចេញជាផ្លូវការនៅក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីត្រៀមអបអរសាទរក្នុងពិធីបើកការដ្ឋាន «ព្រែកជីកហ្វូណនតេជោ» នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ដោយក្នុង MV ចម្រៀងមួយបទនេះ បានច្រៀង និងរៀបរាប់ពីអត្ថប្រយោជន៍ក្នុងការជីក «ព្រែកជីកហ្វូណនតេជោ» ប្រកបដោយខ្លឹមសារ និងអត្ថន័យពីរោះរណ្តំចិត្ត ពេលស្តាប់ហើយ មហាជនកាន់តែស្គាល់ពីព្រែកជីកនេះ។ សិល្បករ-សិល្បការិនី ដែលបានចូលរួមច្រៀង និងសម្តែងក្នុង MV ចម្រៀងនេះ ម្នាក់ៗបានបង្ហាញអារម្មណ៍រីករាយ និងចូលរួមគាំទ្រ គម្រោងព្រែកជីកហ្វូណនតេជោទាំងអស់គ្នា។  

គួរបញ្ជាក់ថា «ព្រែកជីកហ្វូណនតេជោ» នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ ដែលគម្រោងព្រេកជីកនេះ គឺជាគម្រោងផ្លូវទឹកប្រវត្តិសាស្រ្តរបស់កម្ពុជា តភ្ជាប់ពីផ្លូវទឹកសាបទៅកាន់ទឹកសមុទ្រ។ បច្ចុប្បន្នវីដេអូបទ «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» ក្រុមការងារផលិតកម្មកំពុងតែមមាញឹក កាត់តយ៉ាងយកចិត្តទុកដាក់បំផុត។ MV ផ្លូវការនឹងបញ្ចេញ ឆាប់ៗខាងមុខនេះ ពោលគឺមុនថ្ងៃបើកការដ្ឋានតែម្ដង៕