(សៀមរាប)៖ និយ័តករបរធនបាលកិច្ច នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដើម្បីរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយអំពីប្រកាសស្តីពីវិធានក្នុងការគ្រប់គ្រង ការរៀបចំ និងការប្រព្រឹត្ដទៅរបស់បរធនបាលកិច្ច នៅសណ្ឋាគារ អេមព្រីស អង្គរ រីសត និងស្ប៉ា ខេត្ដសៀមរាប ក្រោមអធិបតីភាពលោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប។

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែមឱ្យបានកាន់តែទូលំទូលាយដល់សាធារណជន ក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ថាតើអ្វីទៅជាបរធនបាលកិច្ច? បរធនបាលកិច្ចមានយន្ដការ និងប្រតិបត្ដិការដូចម្ដេច? ធ្វើដូចម្ដេចទើបការបង្កើត និងចុះបញ្ជីបរធនបាលកិច្ចមានភាពត្រឹមត្រូវ និងមានអនុលោមភាពតាមច្បាប់?

លោក សុខ ដារ៉ា បានគូសរំលេចផងដែរអំពីតួនាទី និងសារសំខាន់របស់យន្ដការបរធនបាលកិច្ចក្នុងការបង្កើតទំនុកចិត្ត ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែម ជាពិសេសចូលរួមចំណែកក្នុងការជំរុញដំណើរការអភិវឌ្ឍន៍គម្រោងធុរកិច្ចនានាក្នុងខេត្ដសៀមរាប ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្ដិជាធរមាន។ គិតត្រឹមបច្ចុប្បន្ន ទីផ្សារបរធនបាលកិច្ចមានទំហំចំនួន១.៥១៥លានដុល្លារអាម៉េរិក និងមានបរធនបាលកិច្ចចំនួន៩៥៣ ដែលបានបង្កើត និងចុះបញ្ជី ព្រមទាំងមានប្រតិបត្តិករបរធនបាលសរុបចំនួន២៩ ដែលក្នុងនោះរួមមាន ក្រុមហ៊ុនបរធនបាលចំនួន ១២ និងធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកចំនួន ១៧ ធនាគារ, បរធនបាលរូបវន្តបុគ្គលចំនួន ៦៣រូប ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ. និងក្រុមហ៊ុនផ្តល់សេវាវាយតម្លៃចំនួន ១៤ និងក្រុហ៊ុនផ្តល់សេវាសវនកម្មចំនួន ១៤ ដែលទទួលបានការទទួលស្គាល់ពី ន.ប.ធ.។

សិក្ខាសាលាផ្សព្វផ្សាយនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាង មកពីស្ថាប័ន មន្ទីរ-អង្គភាពនានានៃរដ្ឋបាលខេត្តសៀមរាប, សមាជិក-សមាជិកានៃសភាពាណិជ្ជកម្ម, និងសមាគមធុរកិច្ចពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រុមហ៊ុនបរធនបាល, ធនាគារពាណិជ្ជដែលជាប្រតិបត្តិករបរធនបាលផ្តល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក និងបរធនបាលរូបវន្ដបុគ្គលឯករាជ្យ ដែលទទួលបានអាជ្ញាបណ្ណ/ការអនុញ្ញាតពី ន.ប.ធ.៕