(តាកែវ)៖ បងប្អូនរត់ម៉ូតូឌុប ម៉ូតូកង់បី និង PassApp នៅក្រុងដូនកែវ ខេត្តតាកែវ ប្រកាសគាំទ្រពេញទំហឹងប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមិនអនុញ្ញាតឲ្យក្រុមហ៊ុនអគ្គិសនីបរទេស មករកស៊ីនៅកម្ពុជា និងមិនចូលរួមធ្វើបាតុកម្មតាម ការញុះញង់ និងបំភ្លៃការពិតនោះទេ។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយរឿងប្រឌិតតាមទំព័រហ្វេសប៊ុក របស់ VOD ដោយចោទប្រកាន់ថា «នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បើកផ្លូវឲ្យធ្វើអាជីវកម្មយានយន្តអគ្គសនី ក្រោយបដិសេធ កាលពីឆ្នាំមុនជុំវិញការអនុញ្ញាតឱ្យក្រុមហ៊ុន វៀតណាមដឹកភ្ញៀវ នៅតំបន់ប៉ូសសេដ្ឋកិច្ចចំនួន៣នៅក្នុងប្រទេសកម្ពុជា ដោយប្រើរថយន្តចំនួន២៥០០គ្រឿង ដើរដោយថាមពលអគ្គសនី»។
ភ្លាមៗ បន្ទាប់ពីមានការផ្សាយបំផ្លើសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានច្រានចោលទាំងស្រុង។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សា ជំហរដោយ មិនទាន់មានគោលការណ៍អនុញ្ញាតឱ្យមានរថយន្តអគ្គិសនីក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគរត់តាក់ស៊ីនៅកម្ពុជានោះឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានទម្លាយថា សម្តេចទទួលបានព័ត៌មានថា មានមនុស្សមួយក្រុម កំពុងកៀរគរអ្នករត់ម៉ូតូឌុប និងកង់បីឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយយកលេសថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្ត អគ្គិសនីក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ីក្នុងប្រទេសកម្ពុជា។
ជាមួយគា្ននោះ សម្ដេចធិបតីក៏បានព្រមានផងដែរចំពោះការប្រឌិតព័ត៌មានក្នុងន័យអវិជ្ជមាននេះថា នឹងត្រូវប្រឈមមុខច្បាប់ដោយពុំមានការលើកលែង៕