(សៀងហៃ-ចិន)៖ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ, ប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា រដ្ឋាភិបាលចិនបានផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីអាហារូបករណ៍ និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សាលើគ្រប់វិស័យ ដែលបានផ្តល់ឱកាសឱ្យនិស្សិត-សាស្រ្តាចារ្យ និង មន្រ្តីរាជការកម្ពុជាជាច្រើន បានមកសិក្សាស្វែងយល់ និង ដកស្រង់បទពិសោធជារៀងរាល់ឆ្នាំ លើពហុជំនាញ និងពហុវិស័យនៅប្រទេសចិន។
ការលើកឡើងនេះ ក្នុងឱកាសរូបលោកអញ្ជើញក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «ថវិកាសមិទ្ធកម្មៈ បទពិសោធប្រទេសចិន» នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍអាស៊ី-ប៉ាស៊ីហ្វិក (AFDI) នៃទីក្រុងសៀងហៃ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៤។
វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍអាស៊ី-ប៉ាស៊ីហ្វិក (AFDI) នៃទីក្រុងសៀងហៃ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០២៤ បានបើកសិក្ខាសាលាបណ្តុះបណ្តាល ស្តីពី «ថវិកាសមិទ្ធកម្មៈ បទពិសោធប្រទេសចិន» ជូនសិក្ខាកាមជាស្ត្រីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ និង សិក្ខាកាមជាគ្រូឧទ្ទេស មកពីព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០រូប ។
សិក្ខាសាលានេះ រៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយវិទ្យាស្ថាន AFDI ដោយមានសិក្ខាកាមជាស្ត្រីថ្នាក់ដឹកនាំនៃក្រសួងស្ថាប័នពាក់ព័ន្ធ និងសិក្ខាកាមជាគ្រូឧទ្ទេស មកពីព្រះរាជាណាចក្រកម្ពុជា ចំនួន ៣០រូប។
កម្មវិធីបើកសិក្ខាសាលានេះ មានការចូលរួមពីសាស្រ្តាចារ្យបណ្ឌិត LU Wenbin ប្រធានវិទ្យាស្ថានជាតិគណនេយ្យ និងវិទ្យាស្ថានហិរញ្ញវត្ថុ និងអភិវឌ្ឍអាស៊ី-ប៉ាស៊ីភិច (SNAI & AFDI) ទីក្រុងសៀងហៃ ដោយមានការអញ្ជើញចូលរួមពី សិក្ខាកាមស្រ្តីថ្នាក់ដឹកនាំជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងស្ថាប័នពាក់ព័ន្ធ, សាស្រ្តាចារ្យ ឧទ្ទេសាចារ្យ និង វាគ្មិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធទាំងពីរភាគី កម្ពុជា និងចិន។
ថ្លែងក្នុងឱកាសនោះ, លោកបណ្ឌិតសភាចារ្យ ប្រធានគណៈប្រតិភូបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសចិន មានចំណងទំនាក់ទំនងមិត្តភាព និងសាមគ្គីភាព ជាប្រពៃណីដ៏យូរអង្វែងមកហើយ។ ទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពនេះ ត្រូវបានបង្កើន រហូតឈានដល់កម្រិតកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។
ចាប់តាំងពីឆ្នាំ ២០១៧ មក, ប្រទេសកម្ពុជា និងចិន បានឆ្លងកាត់នូវទសវត្សរ៍បង្កើនភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និង កិច្ចសហប្រតិបត្តិការទេ្វភាគីលើគ្រប់វិស័យ, ទាំងនយោបាយ សេដ្ឋកិច្ច សង្គម និង វប្បធម៌ ក្នុងគោលបំណងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ឱ្យកាន់តែរីចម្រើន ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្ម និង ការរីកលូតលាស់ដ៏លឿននៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។
សិក្ខាសាលានាពេលនេះ គឺជាកម្មវិធីសិក្សាពិសេសក្នុងឆ្នាំ ២០២៤ សម្រាប់សិក្ខាកាមគោលដៅស្ត្រី ដែលជាថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងចាប់ផ្តើមការសាកល្បងអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម, ដើម្បីឱ្យសិក្ខាកាមបានស្វែងយល់ និង ដកស្រង់បទពិសោធល្អៗ ពីឧត្តមានុវត្តអន្តរជាតិ និងការអនុវត្តជាក់ស្តែង ដែលបានឆ្លងកាត់ក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងថវិការបស់មិត្តចិន ។
លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជាមាន ៤ ដំណាក់កាលសំខាន់ៗ គឺៈ ដំណាក់កាលទី ១ : ការកសាងភាពជឿទុកចិត្តបាននៃថវិកា (២០០៤ ដល់ ២០០៨), ដំណាក់កាលទី ២ : ការកសាងគណនេយ្យភាពហិរញ្ញវត្ថុ (២០០៩ ដល់ ២០១៥), ដំណាក់កាលទី ៣ : ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ (២០១៦ ដល់ ២០២២), និង ដំណាក់កាលទី ៤ : គណនេយ្យភាពសមិទ្ធកម្ម (២០២៣ ដល់ ២០២៧) ។
គោលដៅរួមនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា គឺ ប្រែក្លាយប្រព័ន្ធថវិកាកម្ពុជា ឆ្ពោះទៅជាប្រព័ន្ធថវិកាផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង វិមជ្ឈការស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ សំដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ នៅត្រឹមពាក់កណ្តាលសតវត្សរ៍ទី ២១ ពោលគឺ «ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និង ទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដោយកសាងជាជំហានៗនូវសង្គមមួយ ដែលមានសុខសន្តិភាព, ស្ថិរភាព, សណ្តាប់ធ្នាប់សង្គម, មានការអភិវឌ្ឍប្រកប ដោយចីរភាព និងសមធម៌, ប្រជាជនមានជីវភាពសមរម្យ និងមានការរស់នៅប្រកប ដោយសុខដុមរមនា»។