(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងចែកអំណោយជូន គ្រួសារដែលមានជីវភាពខ្វះខាត២០០គ្រួសារ និងប្រគេនទៀនព្រះវស្សាដល់ព្រញសង្ឃគង់ចាំព្រះវស្សាចំនួន១៣វត្ត ដែលបានរៀបចំនៅក្នុងវត្តស្វាយព្រហូត ស្ថិតនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុក្ខដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជានៅគ្រប់ទីកន្លែង។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា អំណោយសប្បុរសនៅក្នុងថ្ងៃនេះគឺជាទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់ លោកស្រី ជួន សុធារ៉ា និងក្រុមគ្រួសារ តាមរយៈលោកស្រី វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ដែលបានរួមសហការគ្នា ក្នុងការជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជ្រំថ្ងៃនេះ គឺជាការតបស្នង ជាការគោរពនិងដឹងគុណ និងការផ្សារភ្ជាប់នូវក្តីអាណិត ស្រឡាញ់រវាងប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។
នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានអំពាវនាវដូចខាងក្រោម៖
*ទី១៖ សូមប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព
*ទី២៖ ចូលរួមអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ចូលរួមគោរពច្បាប់ចរាចរណ៍ និងចៀសផុតពីគ្រឿងញៀន
*ទី៣៖ ប្រជាពលរដ្ឋត្រូវខិតខំបន្ថែមទៀតក្នុងការបង្កើនការចិញ្ចឹមសត្វ ដូចជា ជ្រូក មាន់ ទា គោ ក្របី ត្រី។ល។ ដើម្បីបង្កើនចំណូល ប្រចាំថ្ងៃសម្រាប់គ្រួសារ។
*ទី៤៖ សូមព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីកហ្វូណនតេជោខាងមុខនេះ តបតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានវេរប្រគេនទេយ្យវត្ថុ និងទៀនព្រះវស្សា ដល់ព្រះសង្ឃ គង់ចាំព្រះវស្សាដល់វត្តចំនួន ១៣វត្ត នៅក្នុងស្រុកស្វាយជ្រំ៕