(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅចំនួន៨វត្ត ដែលបានរៀបចំឡើងនៅ វត្តគយត្របែក ស្ថិតក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ 

​សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទៀនវស្សា ត្រូវបានចាត់ទុថា ជាពន្លឺសម្រាប់ជីវិតដែលផ្នែកងងឹតនៃជីវិតនឹងត្រូវបានបំភ្លឺ ដឹកនាំផ្លូវឆ្ពោះទៅរកព្រះនិព្វាន។ ទន្ទឹមនឹងនោះផងដែរ សម្តេចក៏បានអំពាវនាវព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅគ្រប់ទីកន្លែង គ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវចូលរួមគ្រប់រូបភាពក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នា​នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។​

គួររំលឹកថា ពិធីបុណ្យ “ចូលព្រះវស្សា” ​នឹងត្រូវប្រារព្ធធ្វើចាប់ពី​ថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងកំឡុងពិធីបុណ្យដែលមានរយៈពេល​៣ខែនេះព្រះសង្ឃមិនចាក់ចេញពីវត្តអារាម ដើម្បីនិមន្ត បិណ្ឌបាត្រដូចពេលធម្មតាទេ។

ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម។ ទោះយ៉ាងណា ក៏ដោយព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា​ និងធ្វើដំណើរចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ។​ ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនា ថ្វាយទៀនវស្សា ជាទៀនធំ ដែលត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ក្នុងឱកាសពិធីបុណ្យព្រមទាំង ប្រេង ស្បងចីពរ និងគ្រឿង ឧបភោគ បរិភោគផ្សេងៗដល់ព្រះសង្ឃ​។​ 

ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើន ព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និង បុព្វការីជនដែលបានចែកឋានទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។ 

ទេយ្យទានដែលបានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៨វត្ត នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សា ១គូ, អង្ករ ១០០គីឡូក្រាម  ទឹកក្រូច ១០កេស, ទឹកសុទ្ធ ១០កេស, ស្ករស ៥គីឡូក្រាម, ទឹកដោះគោ ១០កំប៉ុង, មីសួរ ១គីឡូក្រាម, ទឹកត្រី ១យួរ និងទឹកស៉ីអ៊ីវ ១យួរ តែស្លឹក ៦កញ្ចប់,ប្រេងឆា ២កេស សាប៊ូ ៣កេស ចង្ហា ន់ ១ស្រាក់ នំអស្សម ២ ត្រីខ ៥យួរ និងបច្ច័យចូលបុណ្យមួយចំនួន៕