(ភ្នំពេញ)៖ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាការបណ្ដុំអង្គការសង្គមសុីវិល នៅថ្ងៃ១៥ ខែកក្ដដា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះជនជ្រុលនិយមដែលឆ្លៀតឱកាសប្រឌិតព័ត៌មានបំផ្លើសដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងកេងចំណេញនយោបាយ ពាក់ព័ន្ធនឹងអ្នកប្រកបរបរក្នុងវិស័យដឹកជញ្ជូន។
យោងតាមសេចក្ដីការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បណ្តុំអង្គការសមាគមសង្គមស៊ីវិល បានរៀបរាប់យ៉ាងដូច្នេះថា៖
«យើងខ្ញុំទាំងអស់គា្នជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល ដែលភាគច្រើនជាអ្នកប្រកបរបរវិស័យដឹកជញ្ចូន (PassApp) រត់ម៉ូតូឌុប ម្ចាស់អាជីវករ អ្នកលក់ដូរ កម្មករជាដើម សូមសម្ដែងការសោកស្តាយ ចំពោះជនអគតិជ្រុលនិយមដែលតែងតែប្រឌិត បង្កើតព័ត៌មានក្លែងក្លាយ ធ្វើឱ្យពលរដ្ឋមានការភ័ន្តច្រឡំ ក្នុងន័យកេងចំណេញនយោបាយរបស់ពួកគេ ដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល»។
កាលពីពេលថ្មីៗនេះ មានការផ្សព្វផ្សាយរឿងប្រឌិតតាមទំព័រហ្វេសប៊ុក របស់ VOD ដោយចោទប្រកាន់ថា «នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បើកផ្លូវឱ្យធ្វើអាជីវកម្មយានយន្តអគ្គសនី ក្រោយបដិសេធកាលពីឆ្នាំមុនជុំវិញការអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាមដឹកភ្ញៀវ នៅតំបន់ប៉ូសសេដ្ឋកិច្ចចំនួន៣នៅក្នុងប្រទេសកម្ពុជា ដោយប្រើរថយន្តចំនួន២៥០០គ្រឿង ដើរដោយថាមពលអគ្គសនី»។
ភ្លាមៗ បន្ទាប់ពីមានការផ្សាយបំផ្លើសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានច្រានចោលទាំងស្រុង។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាជំហរដោយ មិនទាន់មានគោលការណ៍អនុញ្ញាតឱ្យមានរថយន្តអគ្គិសនីក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគរត់តាក់ស៊ីនៅកម្ពុជានោះឡើយ។
សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានក៏បានបង្ហើបដែរថា សម្តេចទទួលបានព័ត៌មានថា មានមនុស្សមួយក្រុម កំពុងកៀរគរអ្នករត់ម៉ូតូឌុប និងកង់បីឱ្យធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដោយយកលេសថា រដ្ឋាភិបាលបានអនុញ្ញាតឱ្យមានរថយន្ត អគ្គិសនីក្រុមហ៊ុនបរទេស មកវិនិយោគរត់តាក់ស៊ីក្នុងប្រទេសកម្ពុជា។ ជាមួយគា្ននោះ សម្ដេចធិបតីក៏បានព្រមានផងដែរចំពោះការប្រឌិតព័ត៌មានក្នុងន័យអវិជ្ជមាននេះថា នឹងត្រូវប្រឈមមុខច្បាប់ដោយពុំមានការលើកលែង។
ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៃគណៈកម្មាការបណ្ដុំអង្គការសង្គមសុីវិល បានសម្តែងសោកស្តាយចំពោះជនជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបង្កើតព័ត៌មានបំពុលសង្គម បំភ័ន្ត បំផ្លើសព័ត៌មាន ដើម្បីកេងចំណេញនយោបាយ ខណៈដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ រាជរដ្ឋាភិបាលកំពុងខិតខំ ធ្វើយ៉ាងណាឱ្យប្រទេសជាតិមានការរីកចម្រើនប្រកួតប្រជែងស្មើមុខស្មើមាត់ជាមួយប្រទេសក្នុងតំបន់ និងពិភពលោក។
តាមរយៈសេចក្តីថ្លែងការណ៍ដដែល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបន្តថា «ពួកយើងជាពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានយល់យ៉ាងច្បាស់ថា នយោបាយខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុម ជនអគតិមួយក្តាប់តូច គឺជាជំងឺសង្គមដែលយើងត្រូវរួមគ្នាកម្ចាត់ចោល និងសូមថ្កោលយ៉ាងដាច់អហង្ការចំពោះជនជ្រុលនិយមបំពុលសង្គមទាំងនោះ ហើយយើងខ្ញុំទាំងអស់គ្នានឹងចូលរួម ពួតដៃគ្នា សាមគ្គីគ្នា ស្នេហាជាតិ មានស្មារតីជាតិនិយមកាន់តែខ្លាំងឡើង និងទប់ស្កាត់មិនឱ្យជនណា ក្រុមណាមកបង្កើតព័ត៌មានធ្វើឱ្យមានភាពវឹកវរនៅក្នុងប្រទេសកម្ពុជាជាដាច់ខាត»។
ក្រមអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអំពាវនាវដល់មហាជនខ្មែររួមសាមគ្គីគ្នា បណ្តុះមនសិការស្នេហាជាតិឱ្យកាន់តែរឹងមាំ ពិសេសសូមអំពាវនាវដល់អាជ្ញាធរមានសម្ថតកិច្ច មេត្តាចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលប្រឌិតនិងបង្កើតព័ត៌មានក្លែងក្លាយ ក្នុងរូបបភាពកេងចំណេញនយោបាយ ដែលចង់ធ្វើឲ្យប្រទេសកម្ពុជាមានភាពវឹកវរ៕
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍៖