(ព្រៃវែង)៖ លោក សួន សុម៉ាលីន សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មការគណបក្សខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រៃវែង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបើកវគ្គអប់រំនយោបាយ និងបញ្ចូលសមាជិកបក្សថ្មីជាយុវជនរបស់ក្រុមការងារយុវជនគណបក្សខេត្តចំនួន១៤១នាក់។
ជាមួយគ្នានេះ តំណាងយុវជនគណបក្សថ្មី បានឡើងធ្វើការប្ដេជ្ញាចិត្តថា «យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាធ្វើជាកូនល្អ ស្រលាញ់ឪពុកម្ដាយធ្វើជាសិស្សល្អ ខិតខំសិក្សារៀនសូត្រ គោរពស្រឡាញ់លោកគ្រូអ្នកគ្រូ ធ្វើជាមិត្តល្អ ធ្វើជាប្រជាពលរដ្ឋល្អ ស្រឡាញ់ប្រទេសជាតិ ការពារប្រទេសជាតិស្រឡាញ់សន្តិភាព ការពារថែរក្សាសន្តិភាព គោរពតាមលក្ខន្តិក:របស់គណបក្យប្រជាជនកម្ពុជា ផ្សព្វផ្សាយពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា គាំទ្រថែរក្សាគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាដើម»។
ឆ្លៀតក្នុងឱកាសនេះលោកសួន សុ ម៉ាលីន បានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកអភិសន្តិបណ្ឌិត ស សុខាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ដល់ថ្នាក់ដឹកនាំយុវជនគណបក្សខេត្ត ក្រុង ស្រុក និងសមាជិក សមាជិកាបក្សថ្មី និងចាស់ទាំងអស់ដែលមានវត្តមាននៅក្នុងពិធីនេះផងដែរ។
បន្ថែមលើសពីនេះ សួន សុម៉ាលីន បានថ្លែងផ្តាំផ្ញើដល់ក្មួយៗជាយុវជនគណបក្ស ត្រូវការពារឲ្យបាននូវសន្តិភាព លទ្ធិប្រជាធិបតេយ្យ ហើយត្រូវចូរចងចាំថាមានតែគណបក្សប្រជាជនមួយទេ ដែលតែងតែបានរួមសុខរួមទុក្ខជាមួយគ្នា និងមិនដែលរត់ចោលប្រជាពលរដ្ឋនោះឡើយ។
លោក សួន សុម៉ាលីន ក៏បានណែនាំឲ្យយុវជនខិតខំរៀនភាសាជាតិ និងអន្តរជាតិឲ្យបានច្បាស់លាស់ដើម្បីជាគុណប្រយោជន៍ក្នុងការអភិវឌ្ឍន៍ខ្លួនឲ្យកាន់តែមានសមត្ថភាពបន្ថែមទៀត ដើម្បីចូលរួមចំណែក អភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើន ជាបន្តបន្ទាប់ទៀត ហើយក្នុងនាមយុវជនជាអ្នកបន្តវេនត្រូវបង្ហាញអំពីសមិទ្ធផលនានាដែលមាន ឲ្យប្រជាពលរដ្ឋទាំងអស់បានដឹងថា ប្រទេសយើងមានសន្តិភាព ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ។
ជាមួយគ្នានេះ លោក សួន សុម៉ាលីន ក៏បានលើកឡើងអំពីបញ្ហាភូមិសាស្ត្រនយោបាយ បញ្ហពិភពលោក បញ្ហា Digital AI ការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យយុវជនគណបក្សបានយល់ និងសូមឲ្យយុវជនត្រូវខិតខំរៀនសូត្រយល់ឲ្យបានច្បាស់ និងដើឲ្យទាន់បច្ចេកវិជ្ជាទំនើបផងដែរ។
សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីលោក ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការគណបក្សខេត្ត លោក លោកស្រី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ប្រធានផែនចំណុះទាំង៨ និងសមាជិក សមាជិកានៃក្រុមការងារ យុវជនគណបក្សខេត្ត ប្រធានសកម្មជនយុវជនគណៈកម្មាធិការបក្សមូលដ្ឋាន និងសាខាបក្សនៃមន្ទីរអង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សក្រុង ស្រុក និងសមាជិក សមាជិកាបក្ស សរុបចំនួន ៣៦០រូបផងដែរ៕