(កំពង់ស្ពឺ)៖ លោកបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់ថ្នាក់ដឹកនាំសហជីពឱ្យបន្តកិច្ចការងារជួយដោះស្រាយបញ្ហារបស់កម្មករ និយោជិត សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាសភាពថ្នាក់ដឹកនាំនៃសហភាពសហជីព ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ស្ពឺ។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, រាជរដ្ឋាភិបាលបាននិងកំពុងប្រែក្លាយប្រទេសកម្ពុជា ឲ្យក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ បន្ទាប់ពីកម្ពុជាអាចរក្សាបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់ ដែលធ្វើឲ្យមានការរីកចម្រើនទាំងផ្នែកសង្គម-សេដ្ឋកិច្ច។
លោកបន្តថា «រាជរដ្ឋាភិបាលបាននិងកំពុងធ្វើឱ្យជីវភាពរបស់កម្មករ កម្មការិនី មានជីវភាពប្រសើរឡើងតាមរយៈកំណើនរោងចក្រ សហគ្រាស និងការបណ្តាក់ទុនរបស់អ្នកវិនិយោគនៅកម្ពុជា ពិសេសសម្រាប់ខេត្តកំពង់ស្ពឺទាំងមូល»។
ដោយមើលឃើញពីអត្ថប្រយោជន៍នេះ លោកអភិបាលខេត្ត បានក្រើនរំឭកបន្ថែមទៅដល់សហជីព ដែលមានវិជ្ជាជីវៈសូមដើរតួនាទីជំនាញតាមអាជីពរបស់ខ្លួន ដើម្បីជាតំណាងឲ្យកម្មករ-កម្មការិនី កុំយកឈ្មោះជាសហជីពតែប្រមូលបងប្អូន ទៅធ្វើការងារអ្វីផ្សេង ជាពិសេសការងារនយោបាយវាអត់ចំណេញទេ ហើយនាំឱ្យមានបញ្ហាដល់ការងាររបស់ពួកគាត់ថែមទៀតផង។
ផ្ទុយទៅវិញត្រូវបន្តពង្រឹងការសាមគ្គីភាពរវាងគ្នាឱ្យកាន់តែល្អ និងកាន់តែមានវិសាលភាព ជាពិសេសធ្វើការណែនាំដល់កម្មករ និយោជិតឱ្យអនុវត្តការងារស្របតាមច្បាប់ការងារដែលជាច្បាប់មូលដ្ឋានសម្រាប់ការពារសិទ្ធិរបស់កម្មករ។ លើសពីនេះសូមឱ្យសហភាពសហជីពខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បម្រើកម្មករ និយោជិតឱ្យបានស្មើភាព ដោយមិនត្រូវប្រកាន់និន្នាការនយោបាយឡើយ។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានលើកទឹកចិត្តបន្ថែមដល់សហជីព បន្តបង្កើតឱ្យបានកាន់តែច្រើននៅតាមបណ្តារោងចក្រ ប្រយោជន៍ដើម្បីការពារឱ្យបាននូវសិទ្ធិ ការងារមនុស្សធម៌ និងការដោះស្រាយបញ្ហាប្រឈមនានារបស់កម្មករ និយោជិត នៅតាមសហគ្រាស គ្រឹះស្ថាន និងបញ្ហារបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបង្កបរិយាកាសល្អដល់អ្នកវិនិយោគបរទេសកាន់តែច្រើន មកវិនិយោគនៅក្នុងប្រទេសយើង។
ជាមួយគ្នានេះ មន្ទីរជំនាញក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងការសម្របសម្រួលដល់ការងារសហភាព សហជីពទៅតាមបណ្តារោងចក្រ និងកម្មករ កម្មការិនី ដើម្បីធានាឱ្យបាននូវផលប្រយោជន៍រួមនិងនិរន្តរភាពការងារ៕