(កំពង់ចាម)៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចាត់ទុកថា ចំពោះបទល្មើសគ្រឿងញៀន និងករណីគ្រោះថ្នាក់ចរាចរណ៍ នៅតែមានបញ្ហាប្រឈម ដូច្នេះសមត្ថកិច្ចត្រូវពង្រឹងការអនុវត្តច្បាប់ ទៅតាមទិសដៅរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីឈានទៅទទួលលទ្ធផលល្អប្រសើរ។
ការលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅបន្ត ដោយមានការចូលរួម ជាអធិបតីភាពពីលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាលខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រី ស្ថាប័ន អង្គភាពពាក់ព័ន្ធជាង៤៥០នាក់។
នៅក្នុងកិច្ចប្រជុំនេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតលើកិច្ចការងាររក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានារក្សាបាននូវសន្តិសុខសង្គម ស្ថេរភាពនយោបាយ ស្ថិរភាពសង្គម និងនិរន្តរភាពរដ្ឋបាលទូទាំងខេត្តកំពង់ចាមឲ្យបានល្អប្រសើរ។
អភិបាលខេត្ត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ បានអនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវគោលនយោបាយ និងគោលការណ៍នានារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងបានចូលរួមការពារយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រមទាំងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
លោកថា ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនឹងមន្ទីរ-អង្គភាពជំនាញជុំវិញខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានធ្វើការប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងការអនុវត្តតួនាទី ភារកិច្ច តាមកំណត់នៃច្បាប់ លិខិតបទដ្ឋានជាធរមាន ព្រមទាំងចូលរួមចំណែក និងផ្ដល់កិច្ចសហការគាំទ្រ ធ្វើឱ្យខេត្តកំពង់ចាម សម្រេចបានសមិទ្ធផលនានាជាច្រើននៅរយៈពេលកន្លងមកនេះ។
ជាមួយគ្នានេះ តាមរយៈគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយទុក្ខលំបាក និងក្តីកង្វល់ផ្សេងៗរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយភាពវិជ្ជមានផងដែរ។ ទោះជាយ៉ាងនោះក្តី លោកអភិបាលខេត្ត បានដាក់នៅទិសដៅ១៤ចំណុច ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ធ្វើការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទទួលបានជោគជ័យបន្ថែមទៀត។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានយកឱកាសនោះសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តកំពង់ចាម រួមទាំងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលជាគោលនយោបាយដាក់ចេញដោយរដ្ឋាភិបាល៕