(ភ្នំពេញ)៖ នៅម៉ោង៨៖៣០ព្រឹក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស «A» ឆ្នាំ២០១៦ ទាំង៤០៥នាក់ នៅវិមានសន្តិភាព ដើម្បីសម្តែងការអបអរសាទរ ក៏ដូចជាផ្តល់រង្វាន់លើកទឹកចិត្តដល់ពួកគេ ដូចដែលសម្តេចបានធ្វើ២ឆ្នាំកន្លងមក។

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីនេះ ចេញពីវិមានសន្តិភាព

នៅក្នុងឱកាសឡើងមកសំណេះសំណាលជាមួយនាយករដ្ឋមន្រ្តី នាពេលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអនុញ្ញាតឱ្យអាណាព្យាបាល និង នាយកសាលារបស់សិស្សដែលជាប់និទ្ទេស A ឡើងមកជាមួយផងដែរ ដោយសារការចំណាយផ្សេងទៀត អាជ្ញាធរថ្នាក់ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡាជាអ្នករ៉ាប់រង។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦នេះ កម្ពុជាមានអ្នកជាប់សរុប ៥៥,៧៥៣នាក់ ត្រូវជា ៦២.១៨% ក្នុងចំណោមបេក្ខជនមានវត្តមានពេលប្រឡងចំនួន ៨៩,៦៦១នាក់ ក្នុងនោះមានអ្នកជាប់និទ្ទេស A ចំនួន៤០៥នាក់ និទ្ទេស B ចំនួន២,៨០១នាក់ និទ្ទេស C ចំនួន៥,៥៩៥នាក់ និទ្ទេស D ចំនួន ៨,៨៣៥នាក់ និង និទ្ទេស E ចំនួន៣៨,១១៧នាក់។

ដោយឡែកក្នុងចំណោមសិស្សនិទ្ទេស A ទាំង៤០៥នាក់នោះ រួមមាន​មកពីរាជធានីភ្នំពេញ១៨៣នាក់, សៀមរាប៣៦នាក់, បាត់ដំបង៣៤នាក់, កណ្តាល២៩ នាក់, កំពង់ចាម២០នាក់, បន្ទាយមានជ័យ១៦នាក់, ព្រៃវែង១៤នាក់, កំពត១១នាក់, ត្បូងឃ្មុំ១១នាក់, តាកែវ១១នាក់, កំពង់ធំ១០នាក់, ក្រចេះ០៩ នាក់, កំពង់ឆ្នាំង០៧ នាក់, ព្រះសីហនុ០៧ នាក់, កំពង់ស្ពឺ០២ នាក់, ពោធិ៍សាត់០២ នាក់, មណ្ឌលគិរី០១នាក់, ប៉ៃលិន០១នាក់ និងខេត្តឧត្តរមានជ័យ ០១នាក់ផងដែរ៕