(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំកិច្ចសំណេះសំណាល និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ និងទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទចំនួន៦០រូប ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យបានសម្រេចជោគជ័យតាមផែនការគ្រោងទុក។
លោក ឆាយ ឫទ្ធិសែន បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះអង្គពិធីទាំងមូល។
លោករដ្ឋមន្ត្រីបានកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងការដឹងគុណចំពោះថ្នាក់ដឹកនាំជំនាន់មុនៗដែលបានលះបង់កម្លាំងកាយចិត្តក្នុងការអភិវឌ្ឍជនបទឱ្យមានការរីចម្រើន។ ជាក់ស្ដែង ថ្នាក់ដឹកនាំ និងទីប្រឹក្សាទាំងអស់ ដែលបន្ដការងារអភិវឌ្ឍន៍ជនបទនាពេលនេះ គឺជាមូលធនមនុស្សដ៏សំខាន់ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នេះ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំកម្មវិធីនេះឱ្យមានឡើងក្នុងគោលបំណងលើកកម្ពស់សាមគ្គីភាព និងឯកភាពឱ្យកាន់តែរឹងមាំ ព្រមទាំងពិភាក្សាលើបញ្ហាប្រឈមនានារបស់ប្រជាជននៅតំបន់ជនបទ និងការស្វែងរកដំណោះស្រាយឱ្យឆ្លើយតបទៅនឹងតម្រូវការជនបទ ព្រមទាំងដើម្បីជំរុញអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។
លោករដ្ឋមន្ដ្រីបានបន្ដថា ក្នុងនីតិកាលកន្លងទៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ឯកនយោបាយឈ្នះឈ្នះបានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណ និងចតុកោណទាំង៤ដំណាក់កាល និងបន្ដវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់អនុវត្តដោយការទទួលខុសត្រូវខ្ពស់នូវកម្មវិធីយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖ ទី-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤-ការពង្រឹងស្ថាប័ន និងកិច្ចការទូទៅ ដើម្បីសម្រេចនូវចក្ខុវិស័យគន្លឹះរបស់ខ្លួន លើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជាការចូលរួមអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
លោករដ្ឋមន្ដ្រីក៏បានសំណូមពរដល់ទីប្រឹក្សាទាំងអស់ជួយផ្ដល់ជាមតិយោបល់ដែលធាតុចូលបន្ថែមទៀត ដើម្បីជាការតម្រង់ទិសដៅការងារក្នុងការជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕