(ឧត្តរមានជ័យ)៖ ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់ទេសរដ្ឋមន្ត្រី គន់ គីម និងនាយឧត្តមសេនីយ៍​ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងសប្បុរជន បានសាងសង់គេហដ្ឋាន១ខ្នង និងប្រគល់ជូនប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រស្ថិតនៅភូមិព្រះចំបក់ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ ម៉ែន លី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ​ ពេលប្រជាជនមានទុក្ខលំបាក គឺមានមុខក្រុមការងាររបស់រាជរដ្ឋាភិបាល រួមជាមួយអាជ្ញាធរដែនដី និងជាកូនចៅរបស់ប្រជាជនមើលការខុសត្រូវ នឹងជួយដោះស្រាយនូវរាល់ការលំបាកជូនគាត់ ដោយមិនទុកឲ្យប្រជាជនណាម្នាក់ទទួលមរណភាពដោយខ្វះអាហារបរិភោគនោះឡើយ។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា តាមរយ:អាជ្ញាធរមូលដ្ឋានបានរាយការណ៍ទៅរូបលោកផ្ទាល់ដោយកន្លងមក គ្រួសារលោក ផៅ ផាត រស់នៅក្នុងខ្ទមទ្រុឌទ្រោមប្រកស័ង្កសីចាស់ៗ ធ្លុះធ្លាយពីម្ខាងទៅម្ខាងគួរឲ្យសង្វេគ ជាពិសេសពិបាក ក្នុងការស្នាក់នៅនារដូវវស្សា មានខ្យល់ភ្លៀងធ្លាក់ ទឹកភ្លៀងហូរចូលក្នុងផ្ទះផងនោះរូបលោកបានអំពាវនាវសប្បុរសជនគៀងគររកមូលនិធិជួយសាងសង់ផ្ទះថ្មីជូនគាត់តែម្តង។

ឧត្តមសេនីយ៍ទោ ម៉ែន លី បានសំណូមពរប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សាសុខភាពរស់នៅស្អាត ហូបស្អាត ផឹកស្អាតចៀសវាងមានជំងឺដង្កាត់ផ្សេងៗនាំឲ្យខាតបង់ថវិកា និងពេលវេលាក្នុងការព្យាបាលជំងឺ ព្រមទាំងត្រូវរួមគ្នា អនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន ហើយត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលយើងកំពុងមានដូចសព្វថ្ងៃនេះឲ្យនៅគង់វង្សជារៀងរហូត  និងខិតខំបង្កបង្កើនផលព្រមទាំងចិញ្ចឹមសត្វដើម្បីបង្កើនជីវភាពគ្រួសារ។

មេភូមិព្រះចំបក់តំណាងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋក្រីក្រ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះឧត្តមសេនីយ៍ទោ ម៉ែន លី និងសប្បសជនដែលបានជួយសាងសង់ផ្ទះនិងផ្តល់គ្រឿងឧបភោគបរិភោគនៅពេលនេះ និងសូមគោរពជូនពរលោករួមទាំងក្រុមការងារទាំងអស់សូមទទួលបាននូវពុទ្ឋពរទាំងឡាយបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។

គួរបញ្ជាក់ថា ផ្ទះថ្មីដែលទើបសាងសង់រួចរាល់នាពេលថ្មីៗ នេះមានទំហំ ៤ ,២ ម៉ែត្រ × ១០ ម៉ែត្រ ក្រាលការ៉ូ ប្រក់ ស័ង្កសីកិនភ្លី ជញ្ជាំងថ្ម ផ្តល់ជូនលោក ផៅ ផាត អាយុ ៤៧ ឆ្នាំ និងភរិយាឈ្មោះ ឡោ ស៊ីន អាយុ ៤៨ ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន ០៨ នាក់ និងបានឧបត្ថម្ភ គ្រួសារលោក ផៅ ផាត ទទួលបានថវិកា ចំនួន ៦០០,០០០រៀល សម្ភារប្រើប្រាស់គ្រឿងទេស  ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ជាច្រើនទៀត។ ដោយឡែកមេភូមិ ទទួលបានថវិកា ២០០,០០០រៀល និងប្រជាពលរដ្ឋ
៥០ នាក់ ម្នាក់ៗ ទទួលបានថវិកា ៦០,០០០រៀល៕