(បាត់ដំបង)៖ ដោយមានបទបញ្ជា និងការចង្អុលបង្ហាញពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ពាក់ព័ន្ធករណីឃាតកម្ម នៅចំណុចភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្នុងក្រុងបាត់ដំបង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានសហការចេញបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យនៅស្រុកបាណន់។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រោយពីបានទទួលបទបញ្ជាពីនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះដឹកនាំកម្លាំងជំនាញ រួមនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ អធិការដ្ឋាននគរបាលស្រុកថ្មគោល អធិការដ្ឋាននគរបាលស្រុកបវេល អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានបញ្ជាផ្ទាល់ដើម្បីរៀបចំវិធានការ និងការបែងចែកកម្លាំងចុះប្រតិបត្តិការតាមស្វែងរកជនសង្ស័យ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មកាប់សម្លាប់ស្ត្រីម្នាក់ ឈ្មោះ ហោ ប៉ុក អាយុ៨៤ឆ្នាំ នៅចំណុចក្រុមទី៦ ភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ដែលកំពុងសម្ងំលាក់ខ្លួននៅតំបន់ភ្នំក្នុងភូមិសាស្រ្តឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
រហូតមកដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ បានចុះប្រតិបត្តិការបង្ក្រាបបានករណីខាងលើ និងបាននាំខ្លួនជនសង្ស័យឈ្មោះ សឿង ទន់ អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
បច្ចុប្បន្ន ការិយាល័យជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕