(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា នៅក្នុងទឹកដីសហរដ្ឋអាមេរិក បើពោលអំពីព្រឹត្ដិការណ៍បាញ់ប្រហារប៉ុនប៉ងធ្វើឃាតទាំងកំរោលខុសច្បាប់របស់ខ្មាន់កាំភ្លើងមកលើបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ-Donald Trump ក្នុងអំទ្បុងពេលយុទ្ធនាការបោះឆ្នោតមួយក្នុងក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ កក្កដា ឆ្នាំ២០២៤ នេះ ដោយបាញ់ស្រោច ត្រូវចំស្លឹកត្រចៀកខាងស្ដាំរបស់លោក គេមើលឃើញមានឈាមហូរជោគនៅលើស្លឹកត្រចៀកនិងហូរមកលើផ្ទៃមុខរបស់លោក បន្ទាប់មកកងអង្គរក្សក៏បានប្រញាប់ប្រញាល់ជំលៀសលោក ចេញពីលើឆាកនាំទៅកាន់មន្ទីរពេទ្យ ដែលធ្វើឲ្យពលរដ្ឋអាមេរិកាំង និងពិភពលោក មានការភ្ញាក់ផ្អើលតក់ស្លុកនិងរន្ធត់យ៉ាងខ្លាំង។
លោក រ័ត្ន សណ្ដាប់ បានពោលត្រង់ចំណុចនេះថា ក្នុងការបាញ់ប្រហារនេះ យើងនៅមិនទាន់ដឹងច្បាស់អំពីហេតុការណ៍នៃការប៉ុនប៉ងធ្វើឃាតរបស់អ្នកបាញ់សម្លាប់នោះ មកលើលោក Donald Trump ក្នុងហេតុផលនយោបាយ ឬយ៉ាងណានោះទេ។ ប៉ុន្តែដោយអំពើនេះ បានកើតឡើងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោត គឺយ៉ាងច្បាស់ណាស់! ក្នុងសង្គមនយោបាយអាមេរិកបានជាប់នៅក្នុងស្ថានភាពពីរ គឺស្ថិរភាពផង និងអស្ថិរភាពផង។
បើពោលឲ្យចំ មានស្ថិរភាពមើលទៅហាក់ដូចជាមិនអាចរង្គោះរង្គើនោះទេ ទោះជាមានការបែងចែកបក្ខពួកនិយមយ៉ាងច្បាស់ក៏ដោយ រីឯអស្ថិរភាពវិញ គឺមានការបែងចែកពណ៌សម្បុរដែលនាំឲ្យមានការបែកបាក់យ៉ាងជ្រៅ និងជូរចត់ខ្លាំង ជាហេតុនាំឲ្យមានការគំរាមកំហែងដល់ជំនឿរបស់ប្រជាពលរដ្ឋ ក្នុងការរួមរស់នយោបាយក្នុងសង្គមប្រជាធិបតេយ្យ ដើម្បីរស់រានមានជីវិតក្នុងនាមប្រជាជាតិដូចគ្នា។
លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នុងន័យនេះយើងអាចចោទជាសំនួរថា តើអ្វីទៅជាអំពើហិង្សានយោបាយ ?
ជាការពិតណាស់! បើយើងងាកទៅមើលវោហាសាស្រ្ដរបស់អ្នកនយោបាយសហរដ្ឋអាមេរិកវិញ បានចោទប្រកាន់លាបពណ៌គ្នាយ៉ាងសាហាវបំផុត ជាក់ស្ដែងដូចជាលោកប្រធានាធិបតី ចូ ប៉ៃដិន Joe Biden បានចោទប្រកាន់មកលើលោក ដូណាល់ ត្រាំ ថាជាជនហ្វាស់ស៊ីសផ្ដាច់ការ
ឬជាជនគាំទ្រជនផ្ដាច់ការដូចគ្នា ដែលត្រូវតែកំទេចចោល។ វោហាសាស្រ្ដរបស់មេដឹកនាំនយោបាយត្រង់នេះ បានបង្ហាញឲ្យឃើញថា សង្គមសហរដ្ឋអាមេរិក មានការកើនឡើងនៃអំពើហិង្សាផ្នែកនយោបាយ។
ដូចនេះយើងអាចនិយាយបានថា អំពើហឹង្សាផ្នែកនយោបាយ មានទំនោរទៅខាងផ្លូវអារម្មណ៍ ដែលប្រព្រឹត្តឡើងដោយមនុស្សដែលមានកំហឹងហើយមិនអាចគ្រប់គ្រងចិត្ដខ្លូនបាន នៅក្នុង អារម្មណ៍នយោបាយ អំឡុងពេលប្រកួតប្រជែងប្រធានាធិបតី ពិសេសនៅពេលដែលភាគីម្ខាងទៀតគេជឿថា លទ្ធផលនៃការបោះឆ្នោតនឹងប្រាកដជាបានទៅលើគណបក្សដែលខ្លួនមិនគាំទ្រនិងមិនពេញចិត្ដ។
ហេតុនេះ វោហាសាស្រ្ដរបស់អ្នកនយោបាយទាំងនេះ គឺប្រាកដណាស់! បានញាំងឲ្យគំនិតរបស់ប្រជាជនកាន់តែស្អប់ និងខ្លាចគូប្រជែងនយោបាយដែលខ្លួនមិនគាំទ្រ ដោយធ្វើឲ្យពួកគេកាន់តែងាកចេញទៅក្រៅប្រព័ន្ធច្បាប់ ដើម្បីព្យាយាមបញ្ចប់ជីវិតមេដឹកនាំដែលខ្លួនមិនពេញចិត្ដ ដោយប្រើវិធី "បាញ់ប្រហារយ៉ាងឃោរឃៅ"។ ទន្ទឹមនឹងនេះ នៅពេលដែលភាគីម្ខាងត្រូវបានរងនូវការវាយប្រហារ គឺភាគីម្ខាងទៀត តែងមានប្រតិកម្មឆ្លើយតបដោយទំនងជាសប្បុរស។
ជាសរុប លោក រ័ត្ន សណ្ដាប់ បានបញ្ជាក់និងចោទជាសំណួរថា ក្នុងបរិបទប្រវត្ដិសាស្រ្ដអាមេរិកមេដឹកនាំរបស់សហរដ្ឋអាមេរិក តែងត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ជាបន្ដបន្ទាប់។ ដូច្នេះអំពើហិង្សានយោបាយដែលកើតមាននៅអាមេរិកនាពេលនេះ គឺ Trump ជាជនរងគ្រោះ សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចដ៏អស្ចារ្យ តើគ្រាប់កាំភ្លើងរបស់ខ្មាន់កាំភ្លើង ដែលបាញ់មកលើលោក ដូណាល់ ត្រាំ អាចបញ្ចប់ហិង្សានយោបាយក្នុងសង្គមអាមេតិកដោយរបៀបណា? តើការបាញ់ប្រហារមកលើលោកដូណាល់ ត្រាំ ជាវដ្ដក្នុងប្រវត្ដិសាស្រ្ដចុងក្រោយរបស់សហរដ្ឋអាមេរិក ឬយ៉ាងណា?