(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការអំពាវនាវ និងទឹកចិត្ត របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារស្រូវ ដែលបានស្នើឲ្យមន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពាណិជ្ជករកម្ពុជា វិស័យឯកជនជាដើម ឲ្យជួបទិញស្រូវ អង្កររបស់កសិកខ្មែរនោះ លោក ហោ សំណាង ស្ថាបនិក និងជាអគ្គនាយកមន្ទីរសម្រាកព្យាបាលកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដោយបានបញ្ជាទិញអង្ករក្រអូបរបស់កសិករចំនួន ៥តោន យកទៅឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ដើម្បីប្រើប្រាស់ក្នុង សកម្មភាពមនុស្សធម៌ផ្សេងៗ ជួយប្រជាពលរដ្ឋជួបការលំបាក។

លោក ហោ សំណាង ស្ថាបនិក និងជាអគ្គនាយកមន្ទីរសម្រាកព្យាបាលកម្ពុជា បានឲ្យដឹងថា នេះជាការយល់ និងទទួលស្គាល់ទឹករបស់ថ្នាក់ដឹកនាំ និងការរួមចំណែកក្នុងការជួយគាំទ្រ និងលើកទឹកចិត្តដល់ប្រជាកសិករ ដែលកំពុងជួបការលំបាកដោយសារ តម្លៃស្រូវធ្លាក់ចុះនេះ ហើយក៏ដើម្បីជួយដល់ប្រជាពលដ្ឋជួបការលំបាកផ្សេងៗ ដែលកំពុងត្រូវការជំនួយ របស់កាកបាទក្រហមកម្ពុជាផងដែរ។

លោកបញ្ជាក់ថា អង្ករទាំង៥តោនេះ លោកសូមប្រគល់ឲ្យអង្គភាពព័ត៌មាន Fresh News ជួយចាត់ចែង ឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា៕