(បាត់ដំបង)៖ ជនសង្ស័យប្រើប្រាស់គ្រឿងញៀន ដែលជិះកង់កាប់សម្លាប់ស្រ្តីចំណាស់ម្នាក់អាយុ៨៥ឆ្នាំ តាមដងផ្លូវ នឹងរត់គេចចូលព្រៃជាច្រើនថ្ងៃ បង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាចនោះ ត្រូវបានកម្លាំងសមត្ថកិច្ច ចម្រុះខ្ទង់រយនាក់ព័ទ្ធស្ទាក់ចាប់បានហើយ កាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចព្រៃមួយកន្លែង ក្នុងភូមិអូរពងមាន់ ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង។
លោក ឈឿង គឹមសុង ស្នងការរងនគបាលខេត្តបាត់ដំបងទទួលបន្ទុកផែនព្រហ្មទ័ណ្ឌកម្រិតស្រាល បានឲ្យដឹងនូវព័ត៌មានបឋមថា ជនសង្ស័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចពួនស្ទាក់ចាប់បាន
ខណៈដែលគេដើរចេញពីក្នុងព្រៃខាងលើ បម្រុងឆ្លងផ្លូវចូលភូមិ បន្ទាប់ពីររូបគេអត់អាហារច្រើនថ្ងៃក្នុងព្រៃ។
លោកបញ្ជាក់ថា កម្លាំងសមត្ថកិច្ចខ្ទង់រយនាក់ មានទាំងកម្លាំងស្នងការខេត្ត កម្លាំងអធិការស្រុក ក្រុង ជាប់ព្រំប្រទល់ កម្លាំងអាវុធហត្ថ អាជ្ញាធរមូលដ្ឋាន ប្រជាការពារនិងប្រជាពលរដ្ឋ ដោយប្រើប្រាស់ វិធានការជំនាញនានា អស់រយៈពេល៨យប់៩ថ្ងៃក្នុងការរុករកនិងពួនស្ទាក់ ទើបស្ទាក់ចាប់ជនសង្ស័យ នេះបាន។
លោក ឈឿង គឹមសុង បន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួនបាននេះមានជំនាញដើរព្រៃ ទើបគេអាចសម្ងំ ក្នុងព្រៃបានយូរថ្ងៃ ព្រោះតាមអ្នកភូមិថា ជននេះធ្លាប់ដើរព្រៃ រុកអង្រ្កងជាមួយ ម្តាយ១យៈពេល ជាង១០ឆ្នាំ កាលរូបគេនៅតូច ។ ហើយគួបផ្សំភូមិសាស្រ្តស្មុកស្មាញ ទើបសមត្ថកិច្ចពិបាក ក្នុងការតាម រុករកឃើញ។
បើតាមផេកផ្លូវការ ស្នងការនគបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យខាងលើនេះមានឈ្មោះ សឿន ទន់ ភេទប្រុស អាយុ ២៥ឆ្នាំបច្ចុប្បន្នរស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបងជាជន ដែលប្រើប្រាស់គ្រឿងញៀន ហើយ រូបគេធ្លាប់ត្រូវបាន នាំខ្លួនយកទៅ ធ្វើការអប់រំបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលនាពេលសមត្ថកិច្ចចាប់បានកន្លងមកនិងមានចរិកកោងកាច។
ប្រភពខាងលើបន្ថែមថា កាលពីថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២៤ វេលា១៣៖១០នាទីនៅចំណុចក្រុមទី០៦ ភូមិច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ជនសង័្សយខាងលើបានជិះកង់មួយគ្រឿង ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ហោ ប៉ុក ភេទ ស្រី អាយុ៨៤ឆ្នាំ មានទីលំនៅ កន្លែងកើតហេតុខាងលើបណ្តាល ឲ្យស្លា-ប់នៅកន្លែងកើតហេតុហើយ ជនសង័្សយ បានជិះកង់គេចខ្លួនចេញពីកន្លែងកើតហេតុ។
ក្រោយពីកាប់សម្លាប់រួចជនសង្ស័យបានរត់គេចចូលភូមិ បង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅ តាមភូមិដោយសារខ្លាចជនកំណាចនេះបន្តកាប់សម្លាប់មនុស្សទៀត តែទីបំផុតរូបគេត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នងការខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕