(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ជ័យលាភីការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ នឹងក្លាយជាធនធានមនុស្ស និងមូលធនមនុស្សបន្ថែមសម្រាប់កម្ពុជា ដែលពោរពេញទៅដោយសមត្ថភាព គុណភាព ចំណេះដឹង និងចំណេះជំនាញ តាមរយៈការប្រកួតប្រជែងថ្នាក់ជាតិនេះ។
ធនធានមនុស្សដែលជ្រើសរើសបានតាមរយៈការសមត្ថភាពនាថ្ងៃនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន និងអាចកែប្រែកម្លាំងពលកម្មនៅកម្ពុជាទៅជាកម្លាំងពលកម្មជំនាញនៅថ្ងៃអនាគត។
នេះជាការថ្លែងរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញជាអធិបតីបើកកម្មវិធីនៃប្រកួតប្រជែងរ៉ូបូតលើកទី១១ ឆ្នាំ២០២៤ រៀបចំឡើងដោយអគ្គនាយដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ នាពហុកីឡដ្ឋានមរតកតេជោ ។
ពិធីបើកប្រកួតប្រជែងរ៉ូបូតលើកទី១១ ឆ្នាំ២០២៤ ក្រោមវត្តមានអញ្ជើញជាអអិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការចូលរួមពីសិស្ស និស្សិតជាច្រើនពាន់នាក់ដើម្បីអបអរសាទរដល់ក្រុមរ៉ូបូត ចំនួន ៩ក្រុមមកពី សកលវិទ្យាល័យ វិទ្យាស្ថាន និងបណ្ឌិតសភាបច្ចេកវិទ្យា ឌីជីថល កម្ពុជា ។
រដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ធនធានមនុស្សប្រកបដោយមូលធនមនុស្សខ្ពស់ គឺជា កត្តាគន្លឹះ និងអាទិភាពក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យរឹងមាំ ដែលគ្រប់ការអភិវឌ្ឍទាំងអស់ នឹង មិនអាចដំណើរការ បានដោយមានគុណភាព ប្រសិទ្ធភាព និងផលិតភាពឡើយ បើពុំមានធនធាន មនុស្សដែលមានគុណវុឌ្ឍខ្ពស់ ទាំងជំនាញរឹង និងទន់ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ។
ដូច្នេះការរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិនេះឡើង មានគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិត មកពីបណ្តាលវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង និងស្វែងរកក្រុមជើងឯក សម្រាប់តំណាងកម្ពុជា ទៅប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិនៅប្រទេសវៀតណាម នាខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។
លោករដ្ឋមន្ត្រី បានលើកឡើងថា តាមរយៈការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិជាច្រើនកន្លងមកនេះ បានបង្ហាញឲ្យឃើញថា វិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៅកម្ពុជា មិនអត់ជាងប្រទេសដ៏ទៃផ្សេងឡើយ, កម្ពុជាបាននឹងកំពុងធ្វើដំណើរជាបណ្តើរៗកសាងនូវធនធានមនុស្សដែលអាចផលិតរ៉ូបូត ហើយទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិបាន ។
ប្រធានបទសម្រាប់ការប្រកួតរ៉ូបូតនាឱកាសនេះពាក់ពន្ធ័ការប្រមូលផលកសិកម្ម ដែលជាការបង្ហាញពីប្រពន្ធ័បច្ចេកវិទ្យាស្វ័យប្រវត្តិកម្មដំណើរការដោយរ៉ូបូតដែលកូនខ្មែរផលិតបាន គឺនឹងជួយដល់វិស័យកសិកម្ម និងប្រែក្លាយអោយវិស័យកសិកម្មដែលប្រើប្រាស់ដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនកាន់តែច្រើន ដើម្បីបង្កើនផលិតភាព ហើយកសាងវិស័យកសិកម្ម ឲ្យក្លាយទៅជាខឿនសេដ្ឋកិច្ចជាតិមួយកាន់តែសំខាន់នៅក្នុងប្រទេសជាតិ។
លោក ហេង សួរ បានផ្តាំផ្ញើដល់ក្រុមសិស្ស និស្សិតទាំងអស់ដែលអាចកសាងផលិតរ៉ូបូតបានមែន ប៉ុន្តែបើមិនចេះសាមគ្គីគ្នា មិនចេះបែងចែកតូនាទីភារកិច្ចគ្នា និងមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង ពេលប្រកួតភ័យ ធ្វើអោយបាត់បង់ម្ចាស់ការ។ ដូច្នេះត្រូវមានភាពម្ចាស់ការលើខ្លួនឯង ដើម្បីសម្រេចបានលទ្ធផល ហើយទទួលបានជ័យជំនះ សម្រាប់ការប្រកួតប្រជែងថ្នាក់ជាតិនាឱកាសនេះ ដើម្បីឈានឆ្ពោះទៅប្រកួតប្រជែងថ្នាក់ជាតិនៅប្រទេសវៀតណាមនាខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
លោក ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ធ្វើរបាយការណ៍ជម្រាបជូនថា ១១ ឆ្នាំកន្លងមកនេះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានផ្តល់ឱកាសដល់យុវនិស្សិតកម្ពុជា ដែលស្រឡាញ់មុខជំនាញបច្ចេកវិទ្យា បានជួបគ្នាផ្លាស់ប្តូរយោបល់ បទពិសោធន៍ពីគ្នាទៅវិញទៅមក បានធ្វើឲ្យ មានការវិវត្តន៍រីកចម្រើនលើផ្នែកចំណេះដឹង សមត្ថភាពជំនាញលើវិស័យរ៉ូបូត ក្នុងព្រះរាជាណាចក្រកម្ពុជា ពី មួយឆ្នាំទៅមួយឆ្នាំ ទទួលបានលទ្ធផលគួរឲ្យកត់សំគាល់។
ចាប់តាំងពីឆ្នាំ ២០២៤ មក ផលិតករទូរទស្សន៍ ជាតិកម្ពុជា បានដឹកនាំក្រុមរ៉បូតកម្ពុជា ទៅចូលរួមប្រកួតប្រជែងថ្នាក់តំបន់ ដោយទទួលបានការចាប់អារម្មណ៍ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ហើយក្នុងឆ្នាំបន្តបន្ទាប់ ថ្វីត្បិតតែក្រុមនិស្សិតកម្ពុជា មិនទទួលបានចំណាត់ថ្នាក់ល្អ តែលទ្ធផលដែលទទួលបាន គឺគួរជាទីពេញចិត្តសម្រាប់កម្ពុជា រហូតដល់កម្ពុជាមានសមត្ថភាព ទទួលបាន សិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតប្រជែងរ៉ូបូតថ្នាក់តំបន់ក្នុងឆ្នាំ ២០២៣កន្លងទៅនេះ។
ក្រុមរ៉ូបូតដែលមកចូលរួមប្រកួតប្រជែងនាឱកាសនេះ មានចំនួន ៩ក្រុម មកពី វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) មានរ៉ូបូតចំនួន ២ក្រុម, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) មានរ៉ូបូតចំនួន ១ក្រុម, បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) មានរ៉ូបូតចំនួន ២ក្រុម, សាកលវិទ្យល័យជាតិគ្រប់គ្រង (NUM) មានរ៉ូបូតចំនួន ២ក្រុម, និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា (ITC) មានរ៉ូបូតចំនួន ២ក្រុម ៕