(ព្រះវិហារ-ឧត្ដរមានជ័យ)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហករី នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដំណើរចុះបំពេញការងារដើម្បីពិនិត្យសកម្មភាពប្រមូលទិញកសិផលគ្រាប់ស្វាយចន្ទីរបស់សហគមន៍កសិកម្មអូរខ្លែងព័រមានជ័យ នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ។
កន្លងមកសហគមន៍នេះ ទទួលបានការឧបត្ថម្ភគាំទ្រពី ASPIRE។ ក្នុងឆ្នាំ២០២៤នេះ សហគមន៍ប្រមូលទិញគ្រាប់ស្វាយន្ទី បានប្រមាណ១៤តោន ស្មើនឹង៣៥ភាគរយ នៃផែនការ ដែលបញ្ហាទិញ មិនបានតាមផែនការនេះ ដោយសារកង្វះទុន។
ក្នុងឱកាសនោះ លោកបណ្ឌិត បានផ្តល់អនុសាសន៍ ឲ្យធ្វើការពង្រឹងសហគមន៍ឲ្យរឹងមាំ និងពង្រីកលានហាលដើម្បីអាចប្រមូលទិញគ្រាប់ស្វាយចន្ទីបានច្រើន។
ទន្ទឹមគ្នានេះ លោកបណ្ឌិត កៅ ថាច និងសហការី នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានបន្តដំណើរចុះបំពេញការងារ ដើម្បីសិក្សាស្វែងយល់សហគមន៍កសិកម្មព្រះប្រឡាយ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សហគមន៍កសិកម្មព្រះប្រឡាយនេះ ទើបត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០២៤ ក្នុងគោលបំណងប្រមូលផ្តុំក្រុមផលិតស្វាយចន្ទី និងដំឡូងមី ព្រមទាំងជួយសម្របសម្រួលរកទីផ្សារ និងធាតុចូលកសិកម្ម ពិសេសទុនឥណទានជូនដល់កសិករដែលជាសមាជិក។
សហគមន៍ មានសមាជិកចំនួន ១៦៦ គ្រួសារ និងមានស្វាយចន្ទីផ្ដល់ផលប្រមាណ ២០០០ ហិកតា ដែលក្នុង១ហិកតាផ្ដល់ទិន្នផលចន្លោះពី ២ ទៅ៣តោន។ សហគមន៍មានបំណងស្នើសុំឥណទានពីធនាគារ ARDB ដើម្បីរៀបចំឃ្លាំងស្តុក លានហាល និងទិញធាតុចូលកសិកម្ម ដូចជា ពូជ ជី និងថ្នាំ -ល-។
លោកបណ្ឌិត បានជម្រាបជូនប្រធានសហគមន៍ ឲ្យរៀបចំប្រមូលផ្តុំសមាជិក និងរៀបចំឯកសារពាក់ព័ន្ធ ឲ្យបានលឿន ដើម្បីក្រុមការងារធនាគារ ARDB ចុះសិក្សាវាយតម្លៃ និងពិនិត្យលទ្ធភាព ក្នុងការផ្តល់ទុនឥណទានទៅតាមតម្រូវការជាក់ស្តែងរបស់បងប្អូនប្រជាកសិករក្នុងសហគមន៍ សម្រាប់ប្រើប្រាស់ក្នុងការថែទាំ ពង្រីកការដាំដុះស្វាយចន្ទី និងការប្រមូលទិញស្តុកទុកសម្រាប់លក់ នៅពេលគ្រាប់ស្វាយចន្ទីមានតម្លៃល្អ ដែលជាការជួយសម្រួលទីផ្សារ និងលើកកម្ពស់ជីវភាពបងប្អូនកសិករប្រសើរឡើង៕