(តាកែវ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភាកម្ពុជា និងលោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម ព្រមទាំងក្រុមគ្រួសារ បងប្អូនកូនក្មួយនិងចៅៗ នៅព្រឹកថ្ងៃអាទិត្យ ៩កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀនវស្សា និងទេយ្យវត្ថុ នៅវត្តចំនួន៥ រួមមាន វត្ដអង្គតាសោម វត្ដអង្គត្នោត វត្ដអង្គស្ដុក វត្ដអង្គខ្ជាយ និងវត្ដត្រពាំងខ្នា ដែលពិធីប្រគេនទៀនវស្សានេះ បានបា្ររព្ធធ្វើឡើងនៅសាលាបុណ្យចេតិយប្រាង្គនៅស្រុកកំណើតរបស់លោកស្រី ដែលស្ថិតនៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដែលជាកុលធីតាខ្មែរដ៏គំរូមួយរូប ដែលសកម្មក្នុងការងារមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅកម្ពុជា ហើយក៏ជាពុទ្ធសាសនិកមួយរូប ដែលតែងតែទ្រទ្រង់ព្រះពុទ្ធសាសនារហូតមកនេះ នៅថ្ងៃនេះបាននាំកូនចៅ និងក្រុមគ្រួសារ បូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន វេរប្រគេនចំពោះព្រះចៅអធិការវត្ដ ដែលនិមន្ដមកពីវត្ដអារាមចំនួន៥ខាងលើនេះ និងបន្ដចែកទានដល់ប្រជាពលរដ្ឋដែលនៅក្បែរភូមិផងរបរជាមួយផងដែរ។
សម្រាប់ការនាំយកនូវទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យ ប្រគេនដល់ព្រះសង្ឃតាមវត្ដអារាម គឺលោកស្រីបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ តែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំមិនដែរដាច់នោះឡើយទោះ មិនថាក្នុងរដូវទៀនវស្សាក្ដី និងក្នុងរដូវបុណ្យទានផ្សេងៗទៀត។
ចំពោះក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ និងស្របតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌ផងនោះ ដូច្នេះក្នុងឱកាសនេះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ បានប្រគេនបច្ច័យកសាងវត្ដទាំង៥ខាងលើនេះ ចំនួន ១៥លាន ៥សែនរៀល ដោយក្នុងមួយវត្ដៗទទួលបានចំនួន ៣លាន១សែនរៀល និងទេយ្យវត្ថុរួមមាន៖ ទៀនវស្សា ចំនួន ១គូ, ប៉ាឡុង ១ឈុត, អង្ករចំនួន ៤បាវ ក្នុងមួយបាវ ៥០គីឡូ, ទឹកក្រូច ចំនួន ៤កេស, ទឹកក្រូចផ្លែឈើ ចំនួន ២កេស, ផ្លែឈើ ១កន្ដ្រក, ទឹកបរិសុទ្ធ ចំនួន ៦កេស, ត្រីខ ចំនួន ១កេសធំ និង៨យួរ, មី ចំនួន ៩កេស, ទឹកដោះខាប់ ចំនួន ១កេស, ស្កសរ ចំនួន ៩គីឡូក្រោម, ប្រេងឆា ចំនួន ១កេស, ទឹកត្រី ចំនួន ១២ដប, ទឹកស៊ីអ៉ីវ ចំនួន ១២ដប, ត្រីងៀត ចំនួន ៣គីឡូ, សាច់ក្រក ចំនួន ៣គីឡូក្រោម, ផ្អក ចំនួន ១ក្រឡក និង៧គីឡូក្រាម, កាហ្វេ ចំនួន៣កញ្ចប់ធំ, ភួយ ១, មុង ១ និងបច្ច័យប្រគេនព្រះចៅអធិការវត្ដ ចំនួន៥វត្ដខាងលើ ក្នុងមួយអង្គ ចំនួន ៨០ម៉ឺនរៀល សាដក ១លាង និងចង្ហាន់ ។សម្រាប់សីលវ៍នសីវតី ក្នុងម្នាក់ៗក្រណាត់ស១ដុំ សារុងមួយ និងថវិកាមួយចំនួន។
ក្នុងឱកាសនោះ ព្រះចៅអធិការវត្ដ បានសម្ដែងនូវសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត ។
ជាមួយគ្នានេះ ព្រះចៅអធិការវត្ដនៅតាមបណ្ដាវត្ដចំនួន ៥ខាងលើ បានជូនពរសព្ទសាធុការដល់ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី និងក្រុមគ្រួសារ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។ក្នុងនោះក៏បានឧទ្ទិសមហាកុសលផលបុណ្យនាថ្ងៃនេះ ជូនចំពោះដួងវិញ្ញាណក្ខន្ធ ឧបាសក អ៊ុក ម៉ៅ និងឧបាសិកា ណុប ទូច ដែលមាតា បិតា បង្កើតរបស់លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ដែលបានចែកឋានទៅកាន់បរលោក និងវិញ្ញាណក្ខន្ធញាត្ដិទាំង៧សណ្ដាន និងបងប្អូនជនរួមជាតិ ដែលបានស្លាប់ក្នុងបនប្រល័យពូជសាសន៍ ប៉ុលពត៕