(កំពង់ចាម)៖ មន្ត្រីសុខាភិបាលខេត្តកំពង់ចាម បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីការពារជំងឺគ្រុនឈាម និងការពារជំងឺ ZIKA និងដើម្បីចុះផ្សព្វផ្សាយពីបញ្ហានេះ ដល់ប្រជាពលរដ្ឋនៅគ្រប់បណ្តាស្រុក ក្រុង នៃខេត្តកំពង់ចាម។
ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម លោក វេជ្ជបណ្ឌិត គឹម សួរភីរុណ បានឲ្យដឹងថា ខាងមន្ត្រីសុខាភិបាល បានបើកយុទ្ធនាការបាញ់ថ្នាំមូស និងផ្សព្វផ្សាយ ដើម្បីការពារជំងឺគ្រុនឈាម និងការពារជំងឺ ZIKA ដោយប្រតិបត្តការនេះ បានធ្វើនៅក្រុងកំពង់ចាម ដោយមន្ទីរពេទ្យខេត្ត និងតាមបណ្តាស្រុក ក្រុងទូទាំងខេត្តផងដែរ។
លោកប្រធានមន្ទីរបានបន្តថា យុទ្ធនាការនេះបានចាប់ផ្តើមមួយសប្តាហ៍កន្លងមកហើយ ក្នុងនោះមន្ត្រីសុខាភិបាល បានធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះប្រើវិធីការពាកុំឱ្យមូសខាំ ដោយសម្រាកក្នុងម៉ុងជានិច្ច និងសម្អាតលំនៅឋានកុំឱ្យមានទឹកដក់ និងមានអនាម័យខ្ពស់ ពោលរស់នៅស្អាត ហូបស្អាត ផឹកស្អាត។
លោកប្រធានមន្ទីរ បានបញ្ជាក់ដែរថា យុទ្ធនាការនេះ គឺកំពុងបន្តធ្វើការបាញ់ថ្នាំមូស និងអប់រំប្រជាពលរដ្ឋ រហូតគ្រប់បណ្តាស្រុក ក្រុង ក្នុងខេត្តកំពង់ចាមតែម្តង៕