(ស្ទឹងត្រែង)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ និងមានប្រសាសន៍សំណេះសំណាល ក្នុងពិធីប្រកាសផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង។
តាមសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា លោក សរ សុពុត្រា ត្រូវបានសម្រួលភារកិច្ច ពីសមាជិក និងពីសមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តនិងពីសមាជិកគណៈប្រចាំការ នៃគណៈអចិន្ត្រយ៍គណៈកម្មាធិការគណបក្ស ខេត្តកំពង់ស្ពឺ និងតែងតាំងដំឡើងឋានៈជាប្រធានគណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង ជំនួសលោក ស្វាយ សំអ៊ាង ដែលត្រូវបានសម្រួលភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្សខេត្ត ពីប្រធានគណៈចលនាមហាជន ពីប្រធានគណៈចលនាយុវជន នៃគណៈកម្មាធិការគណបក្សខេត្ត និងពីប្រធានក្រុមការងារយុវជនគណបក្សខេត្តស្ទឹងត្រែង និងតែងតាំងជាសមាជិកគណៈកម្មាធិការគណបក្ស គ២៧៕