(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកឧកញ៉ា គុយ លាងគី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃទាំង៣៩វត្ត ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីមានការអញ្ជើញចូលរួមពីលោកស្រី លំ គន្ធារី អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក និងប្រជាពលរដ្ឋជាច្រើនផងដែរ។
លោកស្រី ឃួន ឃុនឌី បានថ្លែងថា ពិធីនេះអាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។ ការប្រគេនទៀនព្រះវស្សា ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។
លោកស្រីបានបន្តថា បច្ចុប្បន្នវិស័យព្រះពុទ្ធសាសនាមានការីកចម្រើនយ៉ាងឆាប់រហ័សបើទោះបីជាប្រជាពលរដ្ឋរស់នៅទីណាក៏ដោយក៏មានវត្តអារ៉ាម មានព្រះវិហារ មានអាស្រម សម្រាប់ឲ្យបងប្អូន ដែលបានគោរព និងអភិរក្សនៃព្រះពុទ្ធសាសនា តាមទំនៀមទំលាប់ប្រពៃណីខ្មែរក្រោមការដឹកនាំប្រកបដោយសម្តេចបវធិបតី ហ៊ុន ម៉ាណែត គាំទ្រឱ្យប្រជាពលរដ្ឋ ថែរក្សាប្រពៃណីដូនតារបស់ខ្មែរយើង ឲ្យកាន់តែល្អប្រសើរផងដែរ។
លោកស្រីបញ្ជាក់ថា នៅតាមបណ្ដាវត្តអារ៉ាមនានានៅទូទាំងប្រទេសកម្ពុជា ឃើញមានការសាងសង់សំណង់ជាព្រះវិហារ កុដិ សាលាឆាន់ព្រោងព្រាត សម្រាប់ទុកជាទីសក្ការៈបូជា និងសម្រាប់ព្រះសង្ឈគង់នៅ។ ប្រសិនបើប្រទេសជាតិមិនមានសុខសន្ដិភាព គ្មានការរីកចម្រើន ប្រជាពលរដ្ឋមិនមានជីវភាពធូធារ ហើយការកសាងនៅតាមវត្តអារ៉ាម ក៏និងមិនមានការកើតឡើងនោះទេ ហើយពុទ្ធបរិស័ទ្ធក៏និងមិននាំគ្នាទៅចូលរួមពិធីបុណ្យនៅតាមវត្តអារ៉ាមនោះដែរ។
លោកស្រីបានអំពាវនាវឲ្យបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលមានជំនឿលើព្រះពុទ្ធសាសនា សូមបន្តចូលរួមការធ្វើបុណ្យដាក់ទានជួយកសាងវត្តអារ៉ាម សាលារៀន និងជាពិសេសកសាងអំពើល្អឲ្យបានគ្រប់គ្នាៗ ដើម្បីធ្វើយ៉ាងណាឲ្យសង្គមជាតិ ក្លាយជាសង្គមដែលគ្មានអំពើហឹង្សាជាសង្គមមានតែវប្បធម៌សន្ដោសប្រណីដល់គ្នាទៅវិញទៅមក។
ក្នុងឱកាសនោះលោកស្រី ឃួន ឃុនឌី លោកឧកញ៉ា គុយ លាងគី និងបងប្អូនមិត្តភក្តិ ក៏បានប្រារព្ធធ្វើពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនានៃយើង ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សារលោហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិដែលបាន ចែកឋានទៅកាន់លោកខាងមុខផងដែរ។
គួរបញ្ជាក់ថា ក្នុង១វត្ត ទទួលបានទៀនព្រះវស្សាវ១គូរ, ទឹកក្រូច មី ទឹកបរិសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ សម្ភារៈមួយចំនួន និងថវិកាមួយចំនួនផងដែរ៕