(កំពង់ស្ពឺ)៖ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានបើកយុទ្ធនាការផ្សព្វផ្សាយនូវវិធីសាស្ត្របង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាមដល់សិស្សានុសិស្ស ជាង២០០នាក់ និងលោកគ្រូ អ្នកគ្រូដែលមកពីវិទ្យាល័យអន្លង់ជ្រៃ និងសាលាបឋមសិក្សាប្រាំបីម៉ុម ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពងស្ពឺ ដែលយុទ្ធនាការនេះធ្វើឡើងដោយសហការជាមួយ សាលាស្រុកថ្ពង ការិយាល័យស្រុកប្រតិបត្តិឧដុង្គ និងមណ្ឌលសុខភាពអន្លង់ជ្រៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ។
លោក ចែមភឺន សារីមវុទ្ធី អភិបាលស្រុកថ្ពង បានឲ្យដឹងថា ខែនេះជាខែដែលមានភ្លៀងធ្លាក់ ទឹកបានដក់នៅគ្រប់ទីកន្លែង ពិសេសនៅតាមរបស់របរបែកបាក់ដែលអាចដក់ទឹកបាន ហើយរបស់ទាំងនោះគឺជាបហរភពជម្រកដ៏សុខសាន្តនៃមូសខ្លាពងកូន ។
លោកអភិបាលស្រុកថ្ពង បន្តថា មូសខ្លាគឺជាប្រភពភ្នាក់ងារដ៏សំខាន់នៃជំងឺគ្រុនឈាម វាបានចម្លងជំងឺនេះទៅកាន់មនុស្សទូទៅមិនថាក្មេងឬមនុស្សចាស់ឡើយ នៅពេលដែលវាបានខាំ។ ដូច្នេះដើម្បីបង្ការ និងទប់ស្កាត់ពីជំងឺ គឺចាំបាច់បំផុតត្រូវតែបំផ្លាញនូវជម្រកដែលមូសខ្លាបានជ្រកកោន និងពងកូន។ វិធីសាស្ត្រគឺត្រូវកប់ចោលនូវរបស់របរនិងសំបកកង់គ្រប់ប្រភេទ កង់ឡាន ដែលអាចដក់ទឹកបាន ទឹកក្នុងពាងត្រូវតែដាក់ថ្នាំអាបែត ដើម្បីសម្លាប់ចៃទឹក សំអាតទីធ្លាផ្ទះសម្បែងនិងកាប់បំផ្លាញព្រៃដែលស្ថិតនៅជុំវិញបរិវេណផ្ទះ សាលារៀន ដែលជាប្រភពនិងជម្រករបស់មូស។ ហើយវិធីសាស្ត្រដ៏សក្តិសិទ្ធិមួយទៀតនោះគឺត្រូវតែគេងក្នុងមុងដែលបានជ្រលក់ថ្នាំការពារត្រឹមត្រូវ និងស្លៀកពាក់ខោអាវវែងៗសម្រាប់កូនក្មេងព្រមទាំងមិនឱ្យនៅទីងងឹតទៀតផង។
លោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងផងដែរថា មន្ត្រីជំនាញនៃជំងឺគ្រុនឈាម តែងតែបើកយុទ្ធនាការអប់រំ និងផ្សព្វផ្សាយពីវិធានការថ្មីៗ នៃការទប់ស្កាត់ និងបង្ការការឆ្លងជំងឺគ្រុនឈាមទៅតាមបណ្តាក្រុង-ស្រុកទាំង៩នៃខេត្តកំពង់ស្ពឺ ដោយក្នុងនោះ ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រញ៉ាប់ទៅកាន់មន្ទីរពេទ្យឬមណ្ឌលសុខភាពដែលនៅជិតបំផុត នៅពេលដែលសង្ស័យថាមានផ្ទុកជំងឺគ្រុនឈាម។
លោកវេជ្ជបណ្ឌិត ហុក គ្រី បន្តថា ជំងឺគ្រុនឈាមគឺជាជំងឺដ៏កាចសាហាវមួយដែលកើតឡើងលើមនុស្សគ្រប់វ័យ វាពិតជាអាចសម្លាប់អ្នកគ្រប់គ្នាបានគ្រប់ពេល ប្រសិនជាបណ្តែតបណ្តោយនិងមើលរំលង ដូច្នេះគឺទាមទារឲ្យយើងប្រញ៉ាប់ទៅព្យាបាល ឲ្យបានទាន់ពេលវេលាពីក្រុមគ្រូពេទ្យជំនាញនៅតាមមណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការផ្សព្វផ្សាយនោះដែរ ក៏មានគោលបំណងអប់រំបន្ថែមស្តីពីការបង្ការទប់ស្កាត់ជំងឺផ្សេងៗជាច្រើនទៀតផងដែរក្រៅពីជំងឺគ្រុនឈាម ក្នុងនោះមានដូចជា៖ជំងឺគ្រុនឈីក ជំងឺរាគ សុខភាពភ្នែក សុខភាពមាត់ធ្មេញនិង ជំងឺរាតត្បាតផ្សេងៗ៕