(ភ្នំពេញ)៖ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២៤នេះ សមាគមគាំទ្រសុខាភិបាលកម្ពុជា សហការគាំទ្រដោយគណៈឱសថការីកម្ពុជា និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ»។

ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោកឱសថការី បាន បុត្តា ប្រធានគណៈឱសថការីកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា គណៈឱសថការីកម្ពុជា ប្រមាណចំនួន២០០រូប។

វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» មានគោលបំណងផ្ដល់ចំណេះដឹងថ្មីៗ ដល់ឱសថការី និងទទួលបានចំនួនម៉ោង នៃការរៀនសកម្ម សម្រាប់សកម្មភាពការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលបានទទួលស្គាល់ និងផ្ដល់ជាពិន្ទុ នៃការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈ ដោយគណៈឱសថការីកម្ពុជា ដូច្នេះអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ អាចទទួលបានការអភិវឌ្ឍវិជ្ជាជីវៈបន្ត សរុបចំនួន១២ពិន្ទុ សម្រាប់ម៉ោងសកម្មចំនួន១២ម៉ោង។

វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្តល់នូវការចែករំលែកចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍សម្រាប់អ្នកចូលរួមទាំងអស់ ពី វាគ្មិនដែលមានបទពិសោធន៍ធ្វើការនៅក្រសួងសុខាភិបាល។ ប្រធានបទសំខាន់ៗ ដែលត្រូវលើកមកបង្ហាញ មានគោលបំណង និងគោលដៅដូចខាងក្រោម៖

*ទី១៖ គោលការណ៍អនុវត្តន៍ល្អក្នុងឱសថស្ថាន និងគោលការណ៍ណែនាំ ស្ដីពីការប្រមូលផលិតផលឱសថខូចគុណភាពពីទីផ្សារ៖ យល់ និងដឹងពីរបៀបទុកដាក់ឱសថ, អាចជៀសផុតពីកំហុសឆ្គងក្នុងការផ្ដល់ឱសថដល់អ្នកជំងឺ, មានការប្រុងប្រយ័ត្នរាល់ពេលបកស្រាយវេជ្ជបញ្ជ, យល់ និងដឹងពីតួនាទី និងភារកិច្ចដែលត្រូវធ្វើ, យល់ និងដឹងពីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់ឱសថដល់អ្នកជំងឺ, យល់ និងដឹងនូវអ្វីដែលគួរ ឬមិនគួរធ្វើ, បកស្រាយវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ជូនអ្នកជំងឺ, ផ្តល់ឱសថឲ្យចំគោលដៅដល់អ្នកជំងឺ, យល់ និងដឹងពីភារកិច្ចរបស់ខ្លួនក្នុងការផ្ដល់ឱសថដល់អ្នកជំងឺ, យល់ និងដឹងនូវអ្វីដែលគួរ ឬមិនគួរធ្វើ, បកស្រាយវេជ្ជបញ្ជាឲ្យបានច្បាស់លាស់ជូនអ្នកជំងឺ, ផ្តល់ឱសថឲ្យចំគោលដៅដល់អ្នកជំងឺ, យល់ និងស្គាល់នូវអ្វីដែលជាឱសថក្លែងក្លាយ, យល់ និងដឹងនូវកត្តាដែលនាំឲ្យមានឱសថក្លែងក្លាយ និងអន់គុណភាព, យល់ និងចេះនូវវិធីត្រួតពិនិត្យ តាមដានរកឱសថក្លែងក្លាយ និងអន់គុណភាព។

*ទី២៖ ការស្នើសុំលិខិតអនុញ្ញាតនាំចូល នាំចេញផលិតផលសុខាភិបាល តាមប្រព័ន្ធបញ្ជរតែមួយជាតិ៖ យល់ដឹងពីលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ, ចេះបង្កើតគណនី Company Registration, យល់ដឹងពីការបំពេញឯកសារស្នើសុំ Applying for Import & export Permit និងចេះការទូទាត់សេវា Payment Procedure។

វាគ្មិនកិត្តិយសចំនួន៣រូប ដែលធ្វើបទបង្ហាញក្នុងវគ្គបណ្ដុះបណ្ដាលនេះ រួមមាន៖ លោកឱសថបណ្ឌិត គង់ ជន្នី, លោកឱសថការី ទូច ផល្លា និងលោកឱសថការី អោក សាន់តាណា។

សូមជម្រាបថា វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» គឺជាវគ្គបណ្ដុះបណ្ដាលមួយដែលអាចជួយបំភ្លឺផ្លូវ និងជាការផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍បន្ថែមទៀតដល់អ្នកចូលរួម ក្នុងនោះ វិស័យឱសថសាស្ត្រ ដែលជាដំណោះស្រាយមួយយ៉ាងសំខាន់សម្រាប់ផ្ដល់សេវាឱសថសាស្ត្រ ដល់អ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសើរជាងមុន។

ជាមួយគ្នានេះ ឱសថការីកម្ពុជាគ្រប់រូបក៏ត្រូវសិក្សាស្វែងយល់ និងរៀនសូត្របន្ថែមជាប្រចាំ ដើម្បីដើរឲ្យទាន់នៃការវិវឌ្ឍរបស់ពិភពលោកផងដែរ៕