(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្នុងវត្តមង្គលខេត្តារាមព្រះស្រែ ស្ថិតក្នុង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានធ្វើពិធីបុណ្យសម្ពោធ ឆ្លងសាលាធម្មសភា និងសមិទ្ធិផលផ្សេងៗក្នុងវត្ត ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។
ពិធីនេះ ដោយមានការចូលរួម ព្រះឧត្តម សីលញាណ ធុល សុធា ព្រះរាជាគណះថ្នាក់កិត្តិយស ព្រះមេគណខេត្តបន្ទាយមានជ័យ លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្តបន្ទាយមានជ័យ លោក រ័ត្នដាស៊ីណង់ អភិបាលស្រុកមង្គលបូរី លោក បៀវ ថាន ប្រធានមន្ទីរធម្មការសាសនា ខេត្តបន្ទាយមានជ័យ មន្ត្រីសង្ឃ សង្ឃ អនុប្រធានមន្ទីរធម្មកាខេត្ត អង្គភាពអាវុធហត្ថ នគរបាល ប្រជាពលរដ្ឋ និងតាជី យាយជី សិស្សសរុបជាង១,០០០នាក់
លោក បៀវ ថាន បានថ្លែងថា តាមរបាយការណ៍របស់ព្រះចៅអធិការវត្តព្រះស្រែបានសរសេរថា វត្តនេះកសាងឡើងតាំងពីឆ្នាំ ១៨១១ ស្មើនិង២១៣ឆ្នាំកន្លងមកហើយ វត្តនេះមានផ្ទៃក្រឡា សរុបមានទំហំ ៣៣,៤០២.៥ម៉ែត្រការ៉េ ក្នុងសម័យប៉ុលពតវត្តនេះត្រូវបំផ្លាញខ្ទេច ក្រោយថ្ងៃរំដោះ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដឹកនាំដោយគណះបក្សប្រជាជនកម្ពុជា វិស័យព្រះពុទ្ធសាសនាត្រូវបានរស់ឡើងវិញ។
លោក បៀវ ថាន បានបន្តទៀតថា ក្រោមការដឹកនាំរបស់ព្រះចៅអធិការជាច្រើនអង្គ ធ្វើឲ្យវត្តព្រះស្រែ បានកសាងសមិទ្ធិផលក្នុងវត្តជាច្រើន ក្នុងនោះរួមទាំងបានកសាង សាលាធម្មសភាថ្មីដែលមានទំហំ ២៥ម៉ែត្រគុណនិង៤៣ម៉ែត្រចំណាយសរុបជាទឹកប្រាក់ ៨៥០,០០០ដុល្លារ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្នុងថ្ងៃនេះតទៅ។
លោកបានឲ្យដឹងទៀតថា វត្តនៅទូទាំងប្រទេសក្នុងកំឡុងឆ្នាំ១៩៧៩ ក្នុងជំនន់ប៉ុលពតវត្តត្រូវពួកខ្មែរក្រហមចាប់ផ្សឹកព្រះសង្ឃហើយព្រះវិហារនិងសាលាឆាន់ត្រូវបានពួកខ្មែរក្រមធ្វើជាឃ្លាំងដាក់ជីលុះ ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ធ្វើឲ្យវត្តទូទាំងប្រទេសរស់រកឡើងវិញ ក្នុងនោះមានព្រះសង្ឃ វិហារនិងសាលាឆាន់ក៏បានរៀបចំឲ្យដំណើរឡើងវិញតាមធម្មតាផងដែរ។
លោក លោក ឈឿនក្រៃយ៉ុង បានបន្តទៀតថា ក្នុងឆ្នាំ២០២៤នេះ តាមរយៈនៃការសម្រេចចិត្តផ្តល់សម្លេងឆ្នោតជ្រើសរើសជូនដល់ សម្តេចធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា សម្តេចបានយកថ្នាក់ជាតិ ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ កសាងអាណាចក្រនិងពុទ្ធចក្រឲ្យដើរទន្ទឹមគ្នា បើមានការរីកចំរើនតែអាណាចក្រពុទ្ធចក្រ មានការរិចរិល ពុទ្ធចក្រនោះក៏វាទៅមិនរួចដែរទាំង២នេះដើរទន្ទឹមគ្នា។
លោក ឈឿនក្រៃយ៉ុង បានបន្តថា វត្តព្រះស្រែនេះដោយមានការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្តបន្ទាយមានជ័យ ធម្មការខេត្តបន្ទាយមានជ័យ គណៈកម្មាធិការអាចារ្យវត្ត សប្បុរសជនក្រៅស្រុកក្នុងស្រុកប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ ជិតឆ្ងាយបានពួកដៃគ្នាខិតខំកសាងសាលាធម្មសភា និងសមិទ្ធិផលផ្សេងៗក្នុង វត្តមង្គលខេត្តារាមព្រះស្រែ ក្នុងស្រុកមង្គលបូរី ឡើង ធ្វើឲ្យវត្តនេះមានការីកចំរើនឥតឈប់ឈរ។
លោកក៏បានផ្តាំផ្ញើ និងក្រើនរំលឹកដល់ព្រះសង្ឃ អាចារ្យ គណៈកម្មកាវត្តទាំងអស់ ត្រូវចេះថែរក្សារាល់សមិទ្ធិផលណាមានស្រាប់ឲ្យបានល្អ និងត្រូវចូលរួម និងអភិវឌ្ឍន៍វត្តព្រះស្រែ ឲ្យកាន់តែមានការរីកចំរើនទៅមុខទៀតដើម្បីប្រែក្លាយទីវត្តអារាមជា កន្លែងថ្នាលបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយឲ្យក្លាយទៅជាធនធានមនុស្សដែលជាតិត្រូវការចាំបាច់។
លោក ឈឿន ក្រៃយ៉ុង បានជូនប័ណ្ណសរសើរប្រហែល៥០នាក់ ដល់អ្នកដែលមានស្នាដៃក្នុងការកសាងវត្តនេះ ក្នុងនោះ សប្បុរសជន បានជួយ ឧបត្ថម្ភ ជានំបញ្ចុក បុកល្ហុង និង និងបាយសាមគ្គី ដល់អ្នកបានចូលរួម នាំគ្នាហូបយ៉ាងសប្បាយផងដែរ៕