Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ជា សុផារ៉ា អញ្ជើញប្រកាសចូលកាន់តំណែង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ, លោក ប៉ែន កុសល្យ ជំនួសលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ

14-07-2024 16:12

(ត្បូងឃ្មុំ)៖ លោក ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងចូលកាន់មុខតំណែងប្រធាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងប្រធានគណៈឃោសនាអប់រំ នៃគណបក្សខេត្តត្បូងឃ្មុំ។

សូមជម្រាបថា លោក ប៉ែន កុសល្យ អតីតប្រធានគណៈកម្មាធិការគណបក្សខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរ និងប្រកាសចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ នាថ្ងៃនេះ ជំនួសលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ដែលផ្ទេរ និងប្រកាសចូលកាន់តំណែងជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។

ក្នុងពិធីនោះ ក៏មានការប្រកាស លោក ឡុង ធាម ជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ខណៈលោក ម៉ៅ ឌុង ជាប្រធានគណៈឃោសនាអប់រំ នៃគណបក្សប្រជាជនខេត្តត្បូងឃ្មុំផងដែរ។

ក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានឡើងធ្វើរបាយការណ៍សង្ខេប បង្ហាញនូវលទ្ធផល សមិទ្ធិផល កម្លាំងសាមគ្គី និងស្នាដៃរួបរួមជាធ្លុងមួយ ដែលធ្វើឲ្យគណបក្សប្រជាជនខេត្តត្បូងឃ្មុំទាំងមូលសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់នាពេលកន្លងមក ជាពិសេសក្នុងការបោះឆ្នោត។

ជាមួយគ្នានោះ លោក ប៉ែន កុសល្យ ដែលទើបទទួលបានការតែងតាំងនាពេលនេះ សំដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្តល់ជំនឿជាក់ទុកចិត្ត ប្រគល់តែងតាំងដល់រូបលោកជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ។

លោក ប៉ែន កុសល្យ ក៏បានធ្វើការប្តេជ្ញាចិត្ត បន្តសម្រួចឆន្ទៈសាមគ្គីភាពផ្ទៃក្នុងបក្សជាធ្លុងមួយ យកអស់កម្លាំងកាយចិត្ត បញ្ញាស្មារតី សមត្ថភាព និងលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីអនុវត្តឱ្យបានសម្រេចតាមគោលការណ៍ណែនាំរបស់គណបក្ស បម្រើផលប្រយោជន៍ជូនប្រជាជន ទាក់ទាញសមានចិត្តពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជន យកឈ្នះគ្រប់ៗអាណត្តិ។

នៅក្នុងឱកាសនោះ លោក ជា សុផារ៉ា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចចក្រី ហេង សំរិន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្ត ដែលធ្វើឲ្យខេត្តមួយនេះទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោក ជា សុផារ៉ា ក៏បានមានប្រសាសន៍ណែនាំ និងជំរុញប្រធានគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី ត្រូវគោរព និងអនុវត្តន៍តាមគោលនយោបាយគណបក្ស ដែលជាគោល ជាប្រទីប សម្រាប់ការដឹកនាំនៅមូលដ្ឋានខេត្ត ត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស និងសហការគ្នាឱ្យបានល្អប្រសើរជាមួយសមាជិកសមាជិកាបក្សតាមបណ្តាក្រុងស្រុកក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការបម្រើប្រយោជន៍នានាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អបន្ថែមទៀត ដើម្បីទទួលបានប្រជាប្រិយភាព និងទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់គណបក្ស និងបោះឆ្នោតជូនគណបក្សប្រជាជន បន្តដរាប៕