(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា បានលើកឡើងថា «ការវាយប្រហារលើ លោក ដូណាល់ ត្រាំ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក និងភាពជឿជាក់នៃប្រព័ន្ធនយោបាយអាមេរិក»។ លោកបានលើកឡើងបែបនេះ ជាមួយ Fresh News ក្រោយការបាញ់ប្រហារលើ លោក ដូណាល់ ត្រាំ។
លោកបណ្ឌិត បានបញ្ជាក់ថា ការវាយប្រហារលើ លោក ដូណាល់ ត្រាំ បាននាំមកនូវទស្សនៈជាច្រើនពីសង្គមកម្ពុជាដូចជា៖
១៖ វាឆ្លុះបញ្ចាំងពីភាពទន់ខ្សោយនៃប្រព័ន្ធសន្តិសុខរបស់សហរដ្ឋអាមេរិក និងការប្រើប្រាស់អាវុធដែលមិនអាចគ្រប់គ្រងបាន និងភាពរញ៉េរញ៉ៃ និងភាពអនាធិបតេយ្យផ្នែកនយោបាយ។ វាគឺជាការចំអកដ៏ធំមួយនៃប្រព័ន្ធនយោបាយអាមេរិក ដែលសហរដ្ឋអាមេរិកខ្លួនឯងតែងតែធ្វើការវិនិច្ឆ័យលើប្រព័ន្ធនយោបាយរបស់ប្រទេសដទៃជារឿយៗ។
២៖ វារំលេចឱ្យឃើញការប្រកួតប្រជែងនយោបាយដ៏ស្មុគស្មាញនៅក្នុងសហរដ្ឋអាមេរិក ហើយវាមិនមែនជាឧប្បត្តិហេតុថ្មីទេ។ ជាក់ស្តែង ការសម្លាប់លោក John F. Kennedy មកដល់ពេលនេះរាប់ទសវត្សរ៍ហើយ គេនៅតែមិនទាន់រកមុខឃាតករឃើញនៅឡើយ។
ប្រធានវិទ្យាស្ថានខាងលើបានបន្ថែមថា ការវាយប្រហារនេះត្រូវបានគេគិតថាធ្វើឡើងដោយ៖
- ភាគីទីបី ដែលអាចជាទីភ្នាក់ងារបរទេស ឬដែលខ្មែរយើងហៅបែបសាមញ្ញថា បាតដៃទី៣។
- វាអាចត្រូវបានបង្កើតឡើងដោយអ្នកដែលមកពីគណបក្សសាធារណរដ្ឋ ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋអាមេរិកកាំងដល់លោក Trump ដែលខ្មែរយើងហៅថាល្បិចសាច់កម្ម។
- វាក៏អាចធ្វើឡើងដោយបុគ្គលណាម្នាក់ដែលមិនពេញចិត្ត និងស្អប់លោក Trump ខ្លាំង។
យ៉ាងណាមិញ លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា មនុស្សជាច្រើនមិនជឿថា វាត្រូវបានធ្វើឡើងដោយគណបក្សប្រជាធិបតេយ្យនោះទេ ប៉ុន្តែ គេក៏អាចដាក់ការសង្ស័យ FBI និង CIA ចំពោះការវាយប្រហារនេះផងដែរ។
លោកបណ្ឌិត គិន ភា បានបន្ថែមថា តែយ៉ាងណា ការពិតអាចនឹងរកឃើញ ហើយត្រូវបានលាតត្រដាង បើគេមានសុឆន្ទៈចង់បង្ហាញ តែវាក៏អាចក្លាយជាអាថ៌កំបាំងរហូតដូចករណីឃាតកម្មលើលោក John F. Kennedy ដែរ។
ចុងក្រោយលោកបណ្ឌិត គិន ភា បានវាយតម្លៃថា ការវាយប្រហារលោក Trump នឹងជះឥទ្ធិពលអវិជ្ជមានដល់ការបោះឆ្នោតប្រធានាធិបតីអាមេរិក និងភាពជឿជាក់នៃប្រព័ន្ធនយោបាយនៃប្រទេសមហាអំណាចទី១នេះ៕