(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានអរគុណដល់វិស័យឯកជន ដែលចង់មកជួយចូលរួមរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ តែសូមទុកលទ្ធភាពឲ្យក្រុមការងារសង្គ្រោះ បន្ដប្រតិបត្ដិការស្វែងរកសិន។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងការពារជាតិ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ការចេញមកថ្លែងអរគុណ របស់ក្រសួងការពារជាតិ ដោយសារតែមានក្រុមមហាគ្រួសាររថយន្ដ offroad កម្ពុជា បង្ហាញពីបំណងចង់ចូលរួម ជាមួយក្រុមការងាររុករក ដើម្បីឧទ្ធម្ភាគចក្រ ដែលបានបាត់ ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង
ក្នុងសេចក្ដីជូនដំណឹង បានឲ្យដឹងថា ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងភូមិសាស្រ្តជួរភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងការរុករកជួយសង្រ្គោះនៅឡើយទេ។
ក្រសួងការពារជាតិ បានឲ្យដឹងទៀតថា ឧបទ្ទវហេតុបានកើតឡើង ក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំ របស់កងទ័ពជើងអាកាសនៅតំបន់នោះ។ សមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់។
ក្រសួងការពារជាតិ សូមថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាព និងក្រុមជំនាញ។ សូមអរគុណចំពោះវិស័យឯកជន ដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ។
ក្រសួងការពារជាតិ បានឲ្យដឹងថា ដោយសារស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ ចុះអ័ព្ទខ្លាំងព្រមទាំងក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ។ ហេតុដូចនេះ សូមវិស័យឯកជនទុកលទ្ធភាព ឲ្យក្រុមការងាររុករក និងជួយសង្រ្គោះបន្តប្រតិបត្តិការសិន៕