(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរំលេចពីគុណសម្បត្តិសំខាន់ៗមួយចំនួនរបស់កងរាជអាវុធហត្ថ ក្នុងរយៈពេល៣១ឆ្នាំមកនេះ ដោយបានបន្តលើកកម្ពស់ស្មារតីទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលគ្រប់រូបភាព ដើម្បីការពារសន្តិភាព សន្តិសុខ និងរបៀបរៀបរយនៅក្នុងសង្គមកម្ពុជា។
នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញពីគុណសម្បត្តិទាំងនេះ ក្នុងពិធីរម្លឹកខួប៣១ឆ្នាំ នៃការបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) ដោយប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា រយៈពេល ៣១ឆ្នាំកន្លងផុតទៅ កងរាជអាវុធហត្ថបានកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរឹងទាំងទន់ និងប្រតិបត្តិការនូវតួនាទីភារកិច្ច ដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តិ ក្នុងការរួមចំណែកការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ពង្រឹងការអនុវត្ត កសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសនីតិរដ្ឋ។ តាមរយៈស្នាដៃ និងសមិទ្ធផលទាំងនេះកងរាជអាវុធហត្ថ ទទួលបាននូវការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីប្រជាពលរដ្ឋ និងបានប្រគល់បន្ថែមនូវភារកិច្ច ឱ្យសហការជាមួយក្រសួង ស្ថាប័ននានា។
នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា៖ «កងរាជអាវុធហត្ថ បន្តលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ជាបឋមគឺការការពារសន្តិសុខផ្ទៃក្នុងរបស់កងរាជអាវុធហត្ថ ម្ចាស់ការតាមដាន ក្តាប់ជាប់ការវិវត្តប្រែប្រួលសភាពការណ៍ សន្និដ្ឋានវាយតម្លៃបានត្រឹមត្រូវទាន់ពេលវេលា មានវិធានការធ្វើជាសេនាធិការ ជូនកងទ័ព រាជរដ្ឋាភិបាល ឱ្យបានពីចម្ងាយក្នុងការទប់ស្កាត់នូវរាល់ការប៉ុនប៉ង បង្កចលាចល តាមគ្រប់រូបភាព ជាអាទិ៍បដិវត្តន៍ពណ៌ អំពើភេរវកម្ម ឧក្រិដ្ឋកម្មគ្រប់ប្រភេទ ការកសាងកម្លាំងប្រដាប់អាវុធខុសច្បាប់ បណ្តាលបទល្មើស ព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសជួញដូរអាវុធគ្រឿងផ្ទុះ និងមហន្តរាយដទៃផ្សេងទៀត ដើម្បីការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមជាដើម»។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់ថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសប្តេជ្ញាគាំទ្រ ចូលរួមអនុវត្តដោយមនសិកាទទួលខុសត្រូវខុសត្រូវខ្ពស់ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ជាពិសេសគាំទ្រយ៉ាងពេញទំហឹងគម្រោងព្រែកជីកហ្វូនណនតេជោ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
នាយឧត្តមសេនីយ៍ សៅ សុខា បានបន្ថែមថា កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើសកម្មភាពយ៉ាងសកម្មចុះនៅតាមមូលដ្ឋាន តាមការចាត់តាំងដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជួយប្រជាជន និងគាំទ្រអាជ្ញាធរ នៅតាមមូលដ្ឋានជាដើម។
នាយឧត្តមសេនីយ៍ សៅ សុខា បានអះអាងថា កងរាជអាវុធហត្ថបានសម្រួចផែនការយុទ្ធសាស្ត្រ ក្នុងការធ្វើកំណែទម្រង់របស់ខ្លួនតាមគោលការណ៍ ៤យ៉ាងគឺទី១៖ ប្រមូលផ្តុំ, ទី២៖ រៀបរយ, ទី៣៖ ទំនើបកម្ម និងទី៤៖ ប្រសិទ្ធភាព។ ដោយក្នុងនោះ បានយកទំនើបកម្មការងារអប់រំ បណ្តុះបណ្តាល ហ្វឹកហ្វឺនធ្វើជាមូលដ្ឋាន ក្នុងការធ្វើកំណែទម្រង់។
សូមរម្លឹកថា កងរាជអាវុធហត្ថ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៧ ដោយមានឈ្មោះថា «ក្រុមរាជអាវុធហត្ថខ្មែរ»។ នៅឆ្នាំ១៩៧១ ក្រុមរាជអាវុធហត្ថខ្មែរ ត្រូវប្តូរឈ្មោះមកជា «កងអាវុធហត្ថជាតិ»។ ក្នុងអំឡុងរបបខ្មែរក្រហម ស្ថាប័នកងរាជអាវុធហត្ថ ត្រូវបានលុបបំបាត់ចោល។ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៣ កងរាជអាវុធហត្ថ ក៏ត្រូវបានបង្កើតឡើងវិញ៕