(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រវែង ១១៤,៦២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧ ចំណុច PK150+700 ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ៧១ ចំណុច PK30+400 ខេត្តកំពង់ចាម បានសម្រេចការសាងសង់បានលទ្ធផល ១០០%ហើយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ផន រឹម បានឱ្យដឹងទៀតថា លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តែងបានគិតគូរខ្ពស់ និងបានចង្អុលបង្ហាញឱ្យលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ផ្លូវជាតិលេខ៧១C ប្រឹងប្រែងធ្វើឱ្យកាន់ប្រសើរឡើង និងបំពេញចន្លោះខ្វះខាតដែលនៅសេសសល់តិចតួច ដើម្បីឈានទៅដល់ការសម្រេចលទ្ធផលជារួម និងត្រៀមសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលបន្តបន្ទាប់។
ផ្លូវជាតិលេខ71C ត្រូវបានសាងសង់ដោយក្រុមហ៊ុនសាងសង់សៀងហៃគ្រុប( SCG) និងទីប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអាន ប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិន។
ផ្លូវជាតិដ៏សំខាន់នេះ ជាប្រភេទ AC/DBST ចុះកិច្ចសន្យាសាងសង់ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០, ចាប់ផ្តើមសាងសង់នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ និងកាលបរិច្ឆេទបញ្ចប់ការសាងសង់ ត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤ ដែលមានរយៈពេលសាងសង់៤២ខែ និងរយៈពេលថែទាំ(ក្នុងកិច្ចសន្យា) ២៤ខែ។
គួរបញ្ជាក់ថា ក្រុមការងារបានបន្តប្រឹងប្រែងតាមដានយ៉ាងយកចិត្តទុកដាក់លើដំណើរបញ្ចប់ការគូសសំនូសចរាចរណ៍លើដងផ្លូវ, ការងារបំពាក់ផ្លាកសញ្ញាចរាចរណ៍,ការងារដាំបង្គោលគីឡូម៉ែត្រ និងកិច្ចការដាំស្មៅការពារការហូរច្រោះជើងទេរផ្លូវ៕