(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា គិតត្រឹមខែកក្កដាឆ្នាំ២០២៤នេះ មានកម្មករនិយោគជិតជាង ៩សែននាក់កំពុងទទួលបានទីផ្សារការងារក្នុងវិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ដែលភាគច្រើននៅក្នុងរោងចក្រសហគ្រាសចិន។

ប្រាប់អ្នកសារព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា រោងចក្រសហគ្រាសជាច្រើននៅកម្ពុជាមានថៅកែ ឬអ្នកនិយោគមកពីប្រទសចិន ជាពិសេសលើ វិស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងតែម្តង។

ឯកឧត្តមអ្នកនាំពាក្យបានរំលេចដែរថា ក្នុងចំណោមប្រទេសដៃគូវិនិយោគធំៗរបស់កម្ពុជា ប្រទេសចិនបានឈរលេខរៀងទី១។ 

ឯកឧត្តមថ្លែងថា៖«ប្រទេសចិន និងកម្ពុជាគឺជាមិត្តគ្រប់ជ្រុងជ្រោយ ដោយចិនបានជួយកម្ពុជាជាច្រើនលើវិស័យអប់រំ អភិវឌ្ឍន៍សេដ្ឋកិច្ច ជាក់ស្តែងយើងឃើញថា រោងចក្រសហគ្រាសជាច្រើននៅប្រទេសកម្ពុជា ជាអ្នកវិនិយោគមកពីប្រទេសចិន ជាពិសេសលើស័យវាយភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនេះឯង។»

ជាមួយគ្នានេះដែរលោក សួង ហួត ប្រធានប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ហៅកាត់ថាNACC បានជឿជាក់ថា វិនិយោទុនចិនកាន់តែច្រើន នឹងមកបង្កើតរោងចក្រសហគ្រាសនៅកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើន៖ «ខ្ញុំក៏សង្ឃឹមថា ឯកឧត្តមវ៉ាង វិនពីនឯកអគ្គរដ្ឋទូតចិនថ្មី និងជួយជំរុញ កៀរគរអ្នកវិនិយោគចិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ បន្ថែមពីនេះទៀត ខ្ញុំក៏សង្ឃឹមថាទំនាក់ទំនងរវាងសហជីព និងសហជីពប្រទេសទាំងពីរកាន់តែប្រសើរឡើង។»

បើតាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ៖ ប្រទេសចិន ក៏បានជួយកម្ពុជាលើវិស័យបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាទៅសិក្សា និងធ្វើកម្មសិក្សានៅប្រទសចិន ការបណ្តុះបណ្តាលជំនាញបច្ចេកទេស នៅតាមវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈមួយចំនួនទៀត ដែលស្ថិតនៅក្រោមក្រសួងការងារផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន