(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការតំណាងបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណ:ប្រតិភូជាន់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសាកលវិទ្យាធិការ ពីសាកលវិទ្យាល័យកំពូលចំនួន៤ នៅក្នុងប្រទេសកម្ពុជា ទៅទស្សនកិច្ចសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (Harbin Institute of Technology, HIT)។
ដំណើរទស្សនកិច្ចនេះ បានរៀបចំឡើងដោយសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន (ហៅកាត់HIT) និងសម្របសម្រួលដោយសមាគមអតីតនិស្សិតកម្ពុជាពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន(HIT-AAC) ក្នុងគោលបំណងដើម្បីពង្រឹង ពង្រីក និងបង្កើតកិច្ចសហប្រតិបត្តិការលើផ្នែកអប់រំ និងស្រាវជ្រាវ រវាងHIT និងសាកលវិទ្យាល័យពីប្រទេសកម្ពុជា និងភាគីកម្ពុជាគ្រប់កម្រិតឲ្យកាន់តែមានប្រសិទ្ធភាព និងសុីជម្រៅ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត អ៊ុម រម្យណី និងគណ:ប្រតិភូ បានចូលជួបពិភាក្សាជាមួយលោក ស៊ុង សុឹហាវ (Secretary Xiong Sihao) អគ្គលេខាធិការបក្ស នៃសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន។ ក្នុងកិច្ចប្រជុំនេះ លោក ស៊ុង សុឹហាវ បានរៀបរ៉ាប់អំពីប្រវត្តិសាកលវិទ្យាល័យ សមិទ្ធផលដែលសាកលវិទ្យាល័យបានកសាង និងបច្ចុប្បន្នភាពរបស់និស្សិតកម្ពុជាប្រចាំ HIT។
លោក ស៊ុង សុឹហាវ (Secretary Xiong Sihao) បានបញ្ជាក់ថា HIT បានបង្កើតឡើងនៅឆ្នាំ១៩២០ មកដល់បច្ចុប្បន្នមានអាយុកាល១០៤ឆ្នាំ ជាសាកលវិទ្យាល័យស្ថិតនៅក្នុងលីកសាកលវិទ្យាល័យកំពូលទាំង៩របស់ប្រទេសចិន (ហៅថាC9 League) និងតាមរយៈ 2024 US News បានជាប់ចំណាត់ថ្នាក់លេខ៥ទូទាំងពិភពលោក លើផ្នែកវិស្វកម្ម ដែលជនជាតិចិនអោយឈ្មោះថាជា «ជម្រុកវិស្វកររបស់ប្រទេសចិន» ព្រមជាសាកលវិទ្យាល័យលំដាប់កំពូលបំផុតក្នុងប្រទេសចិនលើជំនាញ វិស្វកម្មនិងវិទ្យាសាស្ត្រ អាវកាស(Space and Aircraft) បញ្ញាសិប្បនិម្មិត(AI) មនុស្សយន្ត(Robot) ម៉េកាត្រូនិច្ច (Mechatronics) ជាដើម។
លោក ស៊ុង សុឹហាវ (Secretary Xiong Sihao) ក៏បានមានប្រសាសន៍ថាមកដល់បច្ចុប្បន្ននេះ និស្សិតកម្ពុជាដែលបានមកសិក្សានៅ HIT មានចំនួនប្រហែល២៥០នាក់ និស្សិតកម្ពុជាសិក្សាមានចំនួនប្រមាណ៤២នាក់។
លោកបណ្ឌិត អ៊ុម រម្យណី ក៏បានថ្លែងអំណរគុណដល់ HIT ដែលបានជួយផ្តល់អាហារូបករណ៍គ្រប់កម្រិតដល់និស្សិតកម្ពុជា ហើយក៏សូមស្នើសុំឲ្យ HIT ផ្តល់ឱកាសអាហារូបករណ៍ និងសិក្សាឲ្យកាន់តែច្រើនឡើងដល់សិស្សនិស្សិតកម្ពុជា ដើម្បីអាចមកសិក្សានៅសាកលវិទ្យាល័យកំពូលនេះ និងចូលរួមចំណែកជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងជឿនលឿន។
បន្ថែមពីនេះ លោកបណ្ឌិត អ៊ុម រម្យណី ក៏បានផ្ញើរការសួរសុខទុក្ខពីបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជូនចំពោះ លោក ស៊ុង សុឹហាវ (Secretary Xiong Sihao) អគ្គលេខាធិការបក្សផងដែរ។
ក្នុងដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត អ៊ុម រម្យណី និងគណ:ប្រតិភូ ក៏បានចូលជួបពិភាក្សាជាមួយលោក យូ ចៀន អភិបាលរងខេត្ត ហៃឡុងជាំង ប្រទេសចិន។ ក្នុងជំនួបនេះ លោក យូ ចៀន អភិបាលរងខេត្ត បានរៀបរ៉ាប់អំពីស្ថានភាពខេត្តហៃឡុងជាំង និងព្យាយាមជួយជំរុញកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងខេត្តហៃឡុងជាំង និងប្រទេសចិនកម្ពុជាឲ្យកាន់តែច្រើនឡើងៗបន្ថែមទៀត។
លោកបណ្ឌិត អ៊ុម រម្យណី បានអរគុណអភិបាលខេត្ត ដែលជួយគាំទ្រដល់និស្សិតកម្ពុជាក្នុងខេត្តហៃឡុងជាំង និងសង្ឃឹមថាព្យាយាមចំនួននិស្សិតកម្ពុជា កាន់តែច្រើនឡើងៗនឹងមកធ្វើការសិក្សានៅខេត្តហៃឡុងជាំងនេះ។
លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ និងគណ:ប្រតិភូ ក៏បានចូលរួមកិច្ចប្រជុំផ្លាស់ប្តូរឱកាសកិច្ចសហប្រតិបត្តិការថ្នាក់ឧត្តមសិក្សារវាងសាកលវិទ្យាល័យកម្ពុជា និងខេត្តហៃឡុងជាំង (Cambodia-Heilongjiang Higher Institutions Exchange Meeting) ដែលមានការចូលរួមពីស្ថាប័នអប់រំកម្រិតខ្ពស់ពីភាគីកម្ពុជាដូចជា៖ ១៖វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), ២៖សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM), ៣៖សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) និង៤៖សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងភាគីចិនដូចជា៖ Harbin Institute of Technology (HIT), Heilongjiang University ៣.Harbin Commercial University, Heilongjiang Vocational College, Harbin Applied Vocational College, Heilongjiang Agricultural Engineering Vocational College និង Harbin Cambridge University។
ក្រៅពីនេះសកម្មភាពខាងលើ លោកបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ និងគណ:ប្រតិភូជាន់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា ក៏បានចូលរួមសកម្មភាពមួយចំនួនដូចខាងក្រោម៖
*ពិភាក្សាការងារជាមួយ សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ពិភាក្សាការងារជាមួយ មហាវិទ្យាល័យអប់រំអន្តរជាតិ នៃសាកលវិទ្យាល័យ HIT
*ពិភាក្សាជាមួយ មហាវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាកុំព្យូទ័រ នៃសាកលវិទ្យាល័យ HIT
*ពិភាក្សាជាមួយ មហាវិទ្យាល័យវិស្វកម្មម៉េកាត្រូនិច នៃសាកលវិទ្យាល័យ HIT
*ពិភាក្សាជាមួយ មហាវិទ្យាល័យពាណិជ្ជកម្ម នៃសាកលវិទ្យាល័យ HIT
*ទស្សនាសារមន្ទីរសាកលវិទ្យាល័យ នៃសាកលវិទ្យាល័យ HIT
*ទស្សនា សារមន្ទីរអាវកាស នៃសាកលវិទ្យាល័យ HIT
*ទស្សនា ពិព័ណ៌ស្នាដៃស្ថាបត្យកម្មចំណានៗ នៃមហាវិទ្យាល័យស្ថាបត្យកម្មនិងរចនា នៃសាកលវិទ្យាល័យ HIT
*ទស្សនា បន្ទប់ពិសោធន៍របស់និស្សិតផ្នែកវិស្វកម្មថាមពល
*ទស្សនាឈ្វេងយល់ អំពីវិស្វកម្មបញ្ញាសិប្បនិម្មិតកសិកម្ម នៅក្រុមហ៊ុន HUIDA TECH GROUP COMPANY
*ទស្សនាឈ្វេងយល់ អំពីការប្រើប្រាស់ជំនាញវិស្វកម្មបញ្ញាសិប្បនិម្មិតក្នុងវិស័យសុខាភិបាល នៅក្រុមហ៊ុន Harbin Sagebot Intelligent Medical Equipment Co., Ltd & Surgery Innovation and Training Center of Harbin City
*ទស្សនាឈ្វេងយល់ អំពីតំបន់ទេសចរណ៍ Sofia Church និង Centre Street (Russia Street in Harbin City)។
ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តិបញ្ជប់ដោយជោគជ័យ ដើម្បីជាគ្រឹះឈានទៅការធ្វើកិច្ចសហការសុីជម្រៅរវាងសាកលវិទ្យាល័យពីប្រទេសកម្ពុជា ជាមួយនឹងសាកលវិទ្យាល័យ HIT និងសាកលវិទ្យាល័យផ្សេងៗទៀត នៅក្នុងខេត្តហៃឡុងជាំង៕