(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបញ្ជូនជនសង្ស័យជនជាតិថៃ៣នាក់ ទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ពាក់ព័ន្ធ៤ករណី។
ជនសង្ស័យទាំង៣រួមមាន៖ ១៖ ឈ្មោះ សាយឈុន វង់អានុ (SAICHON WON ANOU) ហៅក្រៅ ណាត់ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ២៖ ឈ្មោះ ស៊ុរ៉ាស៊ីត តាំងបូវ៉ូកិត ហៅក្រៅសែង ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ៣៖ ឈ្មោះ វង់សាក់ថន អាក់ដុនផាន់ឆាក់ឡាផុន ហៅក្រៅប៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិថៃ អាសយដ្ឋានបច្ចុប្បន្នក្រុងបាងកក ប្រទេសថៃ។
ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ខាងលើពាក់ព័ន្ធ៤ករណី ១៖ ហិង្សាដោយចេតនា ស្ថានទម្ងន់ទោស, ២៖ លួចមានស្ថានទម្ងន់ទោស, ៣៖ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត, ៤៖ រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តិកាលពីវេលាម៉ោង០៧៖០០នាទី ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចអគារ១២ជាន់ម្ដុំដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ប្រតិបត្តិការនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ ១៖ ឈ្មោះ ផុងភីថាក់ ឆៃឆាត (PONGPITAK CHHICHAT) ហៅក្រៅ អ៊ីម ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួលភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ២៖ ឈ្មោះ បូរមី អាក់សនផុមរាថ (PORRAMEJ AKSROMPROMRACH) ហៅក្រៅ ត ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិថៃ ស្នាក់នៅបន្ទប់ជួលភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់ខាងលើពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី៕