(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រចាំឆមាសទី១ និងរបាយការណ៍លទ្ធផល បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងលទ្ធផលបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅស្នាក់ការគណបក្ស ប្រជាជនខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួម ៦៥០នាក់។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ពាំនាំ នូវបណ្តាំផ្ញើសាកសួរ សុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំង ថ្នាក់ដឹកនាំគណបក្ស ជូនចំពោះមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់នៃខេត្តស្វាយរៀង។
សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងនូវអំណរគុណ និងការវាយតម្លៃខ្ពស់បំផុតជូនដល់ ក្រុមការងារគណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ដែលបាន ខិតខំសម្រេចបាននូវជោគជ័យដ៏ធំធេងគួរជាទីមោទនក្រៃលែង នៅក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ។
សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់ការណែនាំដល់ក្រុមការងារគណបក្ស និងគណបក្ស មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវរួមដៃគ្នា និងប្រមូលកម្លាំង ឲ្យក្លាយជាកម្លាំងសរុប និងជាអង្គ តែមួយ ហើយរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវក្នុងទិសដៅរួមគ្នា ដើម្បីបម្រើ ប្រជាជន, ដោះស្រាយបញ្ហាជូនប្រជាជន, និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខេត្តស្វាយរៀង ពិសេសការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនឲ្យកាន់តែធូរធារ សំដៅដណ្តើម ការគាំទ្រពីប្រជាជន និងធ្វើឲ្យខេត្តស្វាយរៀង ក្លាយជាមូលដ្ឋានគាំទ្រដ៏រឹងមាំ របស់គណបក្ស។
សម្តេចកិត្តិសង្គហបណ្ឌិត ផ្តាំផ្ញើដល់មន្រ្តីគណបក្ស បន្តធ្វើអំពើល្អ និងត្រូវបន្តខិតខំ បម្រើប្រជាជន ជាពិសេស ការផ្តល់សេវាសាធារណៈផ្សេងៗ ព្រមទាំងត្រូវយកចិត្ត ទុកដាក់ ដោះស្រាយភាពអសកម្មនានា លើកតម្តើងជីវភាពរបស់ប្រជាជន រួមទាំងការអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្ថិភាព ពិសេសការទប់ស្កាត់ និងបង្ក្រាបអំពើឆបោក ព្រមទាំងបញ្ហាទំនាស់ដីធ្លី៕