(បន្ទាយមានជ័យ)៖ លោកបណ្ឌិត ឈឹម វាសនា អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក តំណាងលោក សេរី ជំនះ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងពិធី វគ្គជីវភាគនយោបាយ ស្តីពីខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ( ២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៤)។
បន្ទាប់ពីអាននូវសុន្ទរកថាទាំងស្រុង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នោះរួចមក, លោកបណ្ឌិត ឈឹម វាសនា បានសម្តែងនូវសេចក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែងបំផុត ដោយបានចូលរួមក្នុងពិធីវគ្គជីវភាគនយោបាយ ស្តីពីអបអរសាទរ ខួបលើកទី៧៣ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។
ខួបអនុស្សាវរីយ៍ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ក៏បានប្រព្រឹត្ត ឡើងក្នុងបរិការណ៍ ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ និងបន្ទាប់ពីការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ នៅដើមឆ្នាំ២០២៤នេះ។
ការប្រព្រឹត្តទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នូវការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ ២០២៣, ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ ២០២៤នេះ បានបង្ហាញពីភាព ចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ជួសមុខឲ្យគណៈកម្មាធិការគណបក្សខេត្តលោកបណ្ឌិត ឈឹម វាសនា បានសម្តែងនូវអំណរអរគុណយ៉ាងក្រៃលែងបំផុតជូនចំពោះអស់លោក លោក លោកស្រី សមាជិក សមាជិកាទាំងអស់ ដែលបាន ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ធ្វើការបម្រើប្រជាជន រួមគ្នាក្នុងការអនុវត្ត តួរនាទី ការកិច្ច ប្រកបដោយឆន្ទៈ មនសិការ និងស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបានសមិទ្ធផល ការងារយ៉ាងត្រចះ ត្រចង់ធំៗជាច្រើននារយៈពេលកន្លងមកនេះ។ ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុសត្រូវរបស់គណ បក្សប្រជាជនកម្ពុជា ក្នុងការកសាងប្រវត្តិសាស្ត្រ ប្រកបដោយមោទនភាពស្នេហារជាតិយ៉ាងពិតប្រាកដ៕