(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឲ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋាន មូលនិធិត្រីចក្រយានកម្ពុជា ផ្តល់ប័ណ្ណសមធម៌ និងអាវ សមាជិកមូលនិធិស៊ីក្លូចំនួន២កម្លេ ជូនដល់បងប្អូនអ្នកធាក់ស៊ីក្លូ ដែលជាសមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ ចំនួន២៩៥នាក់ នៅសាលារាជធានីភ្នំពេញ។

លោក ម៉េត មាសភក្តី បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឲ្យលោក ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែ ពីសុខទុក្ខបងប្អូន សមាជិក អ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្តែងនៅពេលនេះ ពួកគាត់ទាំង ២៩៥នាក់ បន្តទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវ ជាសមាជិកមូលនិធិស៊ីក្លូ ក្នុងម្នាក់ៗចំនួន ២កំប្លេរ ។

លោក ម៉េត មាសភក្តី បានបន្ត ក្រៅពីនេះ បងប្អូនអ្នកធាក់ស៊ីក្លូ ទាំង២៩៥នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុង១ខែ ពួកគាត់អាចបើកបាន៣ដង ក្នុង១ដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាល នេះ ដើម្បីឲ្យបងប្អូនអាចទៅពិនិត្យ ក៏ដូចជាព្យាបាលជំងឺ ដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេចមិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺសម្តេចនូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស់ អាកុល ជែល ជូនពួកគាត់ថែមទៀត។

លោក ម៉េត មាសភក្តី ក្នុងឱកាសនោះដែរ ក៏បានជូនពរឲ្យបងប្អូនអ្នកធាក់ស៊ីក្លូទាំងអស់ មានសុខភាពល្អ ជៀសវាងនឹងជំងឺផ្សេងៗ តែបើមានជំងឺ បងប្អូនក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះតែបងប្អូន មានប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដែលអាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺ ដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យនានា។

លោកពូ ម៉ៅ ឆន អាយុ៥៧ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងលោកអ៊ុំ រស់ អ៊ាង អាយុ៦៦ឆ្នាំ បានថ្លែងស្រដៀងគ្នាថា គាត់ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថមដល់ពួក ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគ និងថវិកា នៅរាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំនិងភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះ នៅបានផ្ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដែលអាចអោយពួកគាត់ទៅពិនិត្យក៏ដូចជាព្យាបាលជំងឺ ដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យនានាថែមទៀត។

គួរបញ្ជាក់ផងដែរថា មូលនិធិនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ គឺមានរយៈពេល៤-៥ឆ្នាំហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយមបារាំងមកម្ល៉េះ៕