(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានចេញមកបញ្ជាក់ថា ជនរងគ្រោះដែលបានបាត់ខ្លួនជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ក្នុងបេសកកម្មហ្វឺកហ្វឺន គឺមានចំនួនតែ២នាក់ប៉ុណ្ណោះ ពោរគឺអ្នកបើកបរ ១នាក់ និងជំនួយការបើកបរ ១នាក់ មែនចំនួន៧នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួនខុសពីការពិតនោះទេ។ ចំពោះករណីនេះក្រសួងការពារជាតិមិនមានអ្វីត្រូវលាក់បាំងប្រជាពលរដ្ឋនោះទេ ដូច្នេះសូមបញ្ឈប់សកម្មភាពផ្សព្វផ្សាយខុសពីការពិត ដែលនាំឱ្យសាធារណជនមានការភ័ន្តច្រឡំ។
ការចេញមុខមកបញ្ជាក់បែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងក្រោយមានព័ត៌មានមួយចំនួនបាននាំផ្សព្វផ្សាយចំនួនបាត់ខ្លួនមនុស្សនៅលើ ឧទ្ធម្ភាគចក្រ ១គ្រឿង ដែលកំពុងធ្វើប្រតិបត្តិការហ្វឹកហ្វឺនរបស់ខ្លួន នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ ខែកក្កដាថ្មីៗ។
ក្នុងពិធីអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំ នៃទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២០) នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ជុំវិញការបាត់ទំនាក់ទំនងជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង និងអ្នកអាសយាន្តនិក១នាក់ រួមជាមួយជំនួយការ ១នាក់ គឺជាការហាត់ហ្វឹកហ្វឺន ហើយឧបទ្ទវហេតុនេះ បានកើតឡើងដោយសារអាកាសធាតុ មិនអំណោយផល។ ចំពោះករណីនេះ ក្រសួងក៏បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ដើម្បីជម្រាបជូនប្រជាពលរដ្ឋតែម្តងគត់ ដូច្នេះ សូមអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកសារព័ត៌មានមួយចំនួនតូច មេត្តា កុំយកស្ថានភាពនេះផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំឱ្យសោះ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាសកម្ពុជា គឺតែងតែចេញហោះហើរជារៀងរាល់ថ្ងៃ ដើម្បីហ្វឹកហ្វឺន ជាពិសេសដើម្បីពិនិត្យមើលបច្ចេកទេស និងឧបរកណ៍ដែលធ្វើទំនើបកម្មលើវិស័យកងទ័ពអាកាស។ បន្ថែមពីនេះទៅតាមផែនការ គឺមានការហ្វឹកហ្វឺនរយៈចម្ងាយខ្លី និងរយៈចម្ងាយវែង ជាដើម។ ហើយការហ្វឹកហ្វឺននេះ គឺមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅថ្មដា ពីថ្មដា ឆ្ពោះពោធិ៍សាត់ និងខេត្តពោធិ៍សាត់ ត្រឡប់មករាជធានីភ្នំពេញវិញ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា៖ «នៅក្នុងបេសកម្មហោះហើរនេះ គឺមានអ្នកបើកបរ ១នាក់ និងជំនួយការ ១នាក់ ដូច្នេះមានតែ ២រូបប៉ុណ្ណោះ ដែលបានហោះហើរទៅតាមគោលដៅដែលបានកំណត់ នៅក្នុងបេសកកម្មរបស់កងទ័ពអាកាស ជាអកុសលយើងឃើញថា ក្នុងថ្ងៃនោះមានអាកាសធាតុមិនអំណោយផល ហើយបានដាច់ការទាក់ទងគ្នា មកដល់ពេលនេះដល់ថ្ងៃទី២ ហើយ»។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានបន្ថែមថា ក្រុមការងារទាំងជើងគោក និងជើងអាកាសមកពីបណ្តាកងឯកភាពពាក់ព័ន្ធកំពុងស្វះស្វែងរុករកឧទ្ធម្ភាគចក្រ ១គ្រឿង និងកងទ័ពអាកាសទាំង២រូបនេះយ៉ាងសកម្ម។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ចេញមកបញ្ជាក់ថា៖ «បង្ហាញការសោកស្តាយចំពោះព័ត៌មាន ដែលមានផ្សព្វផ្សាយថា មានមនុស្ស៧នាក់ បានបាត់ជាមួយឧទ្ធម្ភាគចក្រ ១គ្រឿង ហើយអីឡូវនេះខ្ញុំសូមថា បើឈប់បានគួរតែឈប់ទៅ រឿងបញ្ចេញព័ត៌មាន លើសពីការពិតចាំស្តាប់រាជរដ្ឋាភិបាល ចាំស្តាប់ក្រសួងការពារជាតិ នឹងជូនដំណឹងជាបន្តបន្ទាប់ ហើយក៏មិនមានអ្វីដែលត្រូវលួចលាក់នោះទេ»។
សូមបញ្ជាក់ថា ឧទ្ធម្ភាគចក្រ ១គ្រឿងប្រភេទ Z-9 ត្រូវបានគេរាយការណ៍ថា បាត់ចេញពីរាដា ( ធ្លាក់) នៅតំបន់ភ្នំជួរក្រវាញ រវាងព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ ខណៈកំពុងធ្វើការហ្វឹកហ្វឺន(រៀនបើកបរ)។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ បានបញ្ជាក់ថាការធ្លាក់នេះ គឺកើតចេញពីអាកាសធាតុមិនអំណោយផល។ ក្រុមប្រតិបត្តិការដែលដឹកនាំដោយក្រសួងការពារជាតិ បានកំពុងដាក់គោលដៅកំណត់យ៉ាសកម្មបំផុតក្នុងការរុករក ដោយថ្ងៃទី១៤ ខែកក្កដានេះ បានដាក់ផែនការ ៥០គីឡូម៉ែត្រ៤ជ្រុង ក្នុងការរុករក។
នៅពេលនេះ បណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះ ឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់៕