(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំធ្វើការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យារយៈពេលខ្លី ចំនួន ៥៥០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

ក្នុងឱកាសអញ្ជើញជាកិត្តិយសកាត់កញ្ចប់វិញ្ញាសារសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី នៅមណ្ឌលប្រឡងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤, លោក ហ៊ឺ រ៉ុង នាយកខុទ្ទកាល័យប្រធាន គ.ជ.ប និងជាអគ្គលេខាធិការរង គ.ជ.ប បានថ្លែងថា គ.ជ.ប ជ្រើសរើសមន្ត្រីដែលមានសមត្ថភាព និងមានបទពិសោធគ្រប់គ្រាន់ ដើម្បីចូលមកបំពេញការងារប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឱ្យដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ប្រព្រឹត្តទៅដោយរលូន។

លោក ហ៊ឺ រ៉ុង បានថ្លែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមរយៈលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកណ្តាល ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ចំនួន ១២ផ្សេងទៀត បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤។

ការប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីនៅពេលនេះ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ គ.ជ.ប និងការបិទផ្សាយនៅលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ជាដើម។

សូមជម្រាបជូនថា លេខាធិការដ្ឋានរៀបចំការបោះឆ្នោត ចំនួន ១៣ ដែលបានរៀបចំការប្រឡងជ្រើសរើសនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ រួមមាន៖ ខេត្តកំពត ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តស្ទឹងត្រែង ខេត្តត្បូងឃ្មុំ ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តរតនគិរី ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

ចំណែកលេខាធិការដ្ឋានរាជធានី ខេត្ត ចំនួន១២ទៀត និងត្រូវរៀបចំការប្រឡងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ រួមមានៈ រាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ធំ ខេត្ដបាត់ដំបង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តកែប និងខេត្តបន្ទាយមានជ័យ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត (លធ.ខប) ទាំង២៥ ត្រូវការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន ៥៥០រូប សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដែលមានមុខតំណែង ដូចខាងក្រោម៖

១៖ គ្រូបង្ហាត់ ចំនួន ៤២២រូប
២៖ លេខាធិការ ចំនួន ២៥រូប
៣៖ ការីកុំព្យូទ័រ ចំនួន ២៥រូប
៤៖ ជំនួយការប្រតិបត្តិការ ចំនួន ២រូប
៥៖ អ្នកបើកបររថយន្ត ចំនួន ៧រូប
៦៖ ជំនួយការរដ្ឋបាល ចំនួន ២៣រូប
៧៖ ជំនួយការគណនេយ្យ ចំនួន ២៥រូប
៨៖ ជំនួយការសេវាកម្មច្បាប់ និងវិវាទកម្ម ចំនួន ២១រូប៕