(ភ្នំពេញ)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង (Luong Tam Quang) រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ។
ភាគីទាំងពីរវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនាក់ទំនងដ៏ល្អរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ដែលតែងផ្តល់កិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមក ជាពិសេសការផ្លាស់ប្តូរព័ត៌មានអំពីសភាពការណ៍សន្តិសុខ និងដោះស្រាយបញ្ហាផ្សេងៗដែលកើតមានឡើងនៅតាមព្រំដែន រួមចំណែកដល់ការរក្សាសន្តិសុខ ស្ថិរភាព និងសុវត្ថិភាពសង្គម គាំទ្រនិងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានចូលរួមអបអរសាទរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលលោក តូ ឡឹម ប្រធានរដ្ឋ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១២-១៣ ខែកក្កដា ឆ្នាំ២០២៤នេះ។
ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរជាយូរឆ្នាំកន្លងមក និយាយជារួម និងទំនាក់ទំនងដ៏ល្អរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ និយាយដោយឡែក នឹងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ដើម្បីបម្រើដល់ឧត្តមប្រយោជន៍រួមទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានសម្ដែងនូវការអបអរសាទរចំពោះលោក លឿង តាមក្វាង ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដែលនេះពិតជាបានឆ្លុះបញ្ចាំងនូវជំនឿទុកចិត្តរបស់ប្រជាជនបក្ស និងរដ្ឋាភិបាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងបុព្វហេតុជាតិ និងប្រជាជនវៀតណាម។
លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងការអបអរសាទររបស់សម្ដេចក្រឡាហោម ស ខេង ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះលោកឧត្ដមសេនីយ៍ឯកបម្រុង លឿង តាមក្វាង ក្នុងឱកាសដែលលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម៕