(ភ្នំពេញ)៖ ក្នុងរយៈពេល៦ខែកន្លងមកនេះ ក្រសួងយុត្តិធម៌ បានរកឃើញសំណុំរឿងចំនួន ១៤ ករណី ដែលមានការសង្ស័យថា អាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ និង មានសំណុំរឿង៤ករណី ត្រូវបានរកឃើញថា មានភាពមិនប្រក្រតី ដែលភាគីអាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មីបាន។ នេះបើតាម លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។
កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្នុងការអនុវត្តយុទ្ធនាការរយៈពេល ៦ខែ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស។
លោក ជិន ម៉ាលីន បានលើកឡើងថា រយៈពេល ៦ខែគត់ គិតចាប់ពីថ្ងៃប្រកាសបើកយុទ្ធនាការ កាលពីថ្ងៃទី៩ ខែមករា រហូតដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន ២ ព្រមពេលជាមួយគ្នា នៅក្នុងក្របខណ្ឌនៃការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌កម្ពុជា សំដៅពង្រឹង និងលើកកម្ពស់សេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ ដែលក្នុងនោះរួមមាន៖ ទី១ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង ទី២ យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។
លោកបានគូសបញ្ជាក់បន្ថែមថា៖ «មិនតែប៉ុណ្ណោះ ក្នុងក្របខណ្ឌនៃយុទ្ធនាការ ក្រុមការងារពិសេសត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ បានធ្វើការពិនិត្យលើសំណុំរឿងដែលមានភាពស្មុគស្មាញចំនួន ១០០ ករណី និងបានរកឃើញថា មាន ៧៣ ករណី ដែលតុលាការបានចេញសេចក្តីសម្រេចដោយមានសំអាងហេតុ និងសំអាងច្បាប់ត្រឹមត្រូវ ១៤ ករណី មានភាពសង្ស័យថា អាចមានភាពមិនប្រក្រតី ហើយបានស្នើសុំឱ្យតុលាការពិនិត្យឱ្យបានម៉ត់ចត់ និងត្រឹមត្រូវ ៩ ករណី បានចាត់ឱ្យមានការចុះធ្វើអធិការកិច្ច ហើយ ៤ ករណីទៀត ត្រូវបានរកឃើញថា មានភាពមិនប្រក្រតី ដែលភាគីអាចស្នើសុំឱ្យមានការជំនុំជម្រះសាជាថ្មី»។
លោកបានបន្តថា គណៈបញ្ជាការដឹកនាំយុទ្ធនាការ បន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលយល់ឃើញថា ចំណាត់ការរបស់តុលាការលើសំណុំរឿងរបស់ខ្លួនមានភាព យឺតយ៉ាវ ឬមានភាពមិនប្រក្រតី សូមដាក់ពាក្យបណ្តឹងមកយន្តការផ្លូវការនៃយុទ្ធនាការទាំង ២ របស់ក្រសួងយុត្តិធម៌ តាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាមដែលមានលេខ 099 444 181៕