(កំពង់ចាម)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យសកម្មភាពប្រមូលទិញស្រូវស្តុកទុក និងគ្រាប់ស្វាយចន្ទីស្តុកទុកនៅតាមបណ្តាខេត្តមួយចំនួន ដើម្បីតាមដានពីស្ថានភាពនៃការប្រមូលផលទិញស្រូវ និងគ្រាប់ស្វាយចន្ទី យកទៅកែច្នៃសម្រាប់នាំចេញ។

លោកបណ្ឌិត កៅ ថាច និងសហការី នៅរសៀលថ្ងៃទី១៣ ខែកក្កដានេះបានទៅចុះពិនិត្យសកម្មភាពប្រមូលទិញស្រូវស្តុកទុក និងកែច្នៃអង្ករសម្រាប់លក់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស របស់រោងម៉ាស៊ីនកិនស្រូវចំនួន៣នៅខេត្តកំពង់ចាម គឺរោងម៉ាស៊ីកិនស្រូវភូមិយើង, រោងម៉ាស៊ីនកិនស្រូវយូឃីម និងរោងម៉ាស៊ីនកិនស្រូវសេកមាស ដែលរោងម៉ាស៊ីនទាំងបី នេះទទួលបានហិរញ្ញប្បទានពិសេសពីរាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពថ្លៃស្រូវ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធ។

ទន្ទឹមគ្នានេះ នៅរសៀលថ្ងៃដដែល លោកបណ្ឌិត កៅ ថាច បានបន្តដំណើរ ចុះពិនិត្យសកម្មភាពប្រមូលទិញគ្រាប់ស្វាយចន្ទីស្តុកទុក និងកែច្នៃសម្រាប់នាំចេញទៅក្រៅប្រទេស នៅទីតាំងចំនួន៥ ក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ រួមមាន (១)ក្រុមហ៊ុនវែលវីលលីង អេហ្រ្គីខលឈ័រ ថេកណឡជី (ខេមបូឌា) នៅស្រុកព្រៃឈរ (២)ឃ្លាំង ៩៩៩ ងួនវណ្ណៈ នៅស្រុកចម្ការលើ ខេត្តកំពង់ចាម (៣)សហគ្រាស CSNC នៅស្រុកកំពង់ស្វាយ (៤)ក្រុមហ៊ុន MIRATH Agri Tech នៅស្រុកកំពង់ស្វាស ខេត្តកំពង់ធំ និង(៥)ក្រុមហ៊ុនសានតាណា នៅខេត្តព្រះវិហារ។

បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្ងួតដែ់លក្រុមហ៊ុនប្រមូលទិញពីកសិករ ចន្លោះពី ៦០០០ ទៅ ៧០០០ រៀលក្នុង១គីឡូក្រាម អាស្រ័យទៅតាមគុណភាព។

ជាមួយគ្នានេះដែរ លោកបណ្ឌិត និងសហការី ក៏បានចុះពិនិត្យស្តុកស្រូវអង្កររបស់ក្រុមហ៊ុន AMRU Rice ដែលរោងម៉ាស៊ីននេះទទួលបានហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលដើម្បិធានាស្ថិរភាពថ្លៃស្រូវ រក្សាសន្តិសុខស្បៀង និងប្រព័ន្ធពូជសុទ្ធ ដែលមានមូលដ្ឋានស្ថិតនៅក្នុងមូលដ្ឋានស្រុកបាសាទបាល្ល័ង្ក ខេត្តកំពង់ធំ៕