(កំពង់ឆ្នាំង)៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងដាក់ផែនការទៅដល់អាជ្ញាធរគ្រប់មូលដ្ឋាន និងបំផុសប្រជាពលរដ្ឋទាំង៨ក្រុងស្រុក ឲ្យបង្កើននូវសកម្មភាពការដាំកូនឈើឡើងវិញនៅគ្រប់មូលដ្ឋាន ជាពិសេសនៅក្នុងភូមិសាស្ត្រ តំបន់ដីព្រៃលិចទឹកដែលរងនូវការបំផ្លិចបំផ្លាញកន្លងមក។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋបាលស្រុកជលគីរី បានរៀបចំពិធីដាំកូនឈើព្រៃលិចទឹកនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយបានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស រួមនិងប្រជាពលរដ្ឋ ដាំដើមឈើព្រៃលិចទឹកជាង ២.០០០ដើម ដែលជាប្រភេទដើមរាំង ដាំនៅក្នុងភូមិសាស្ត្រចំណុចបឹងរូង ស្ដីគងតូច ស្ថិតក្នុងភូមិក្បាលកន្លង់ និងភូមិពាមឆ្កោក ក្នុងឃុំពាមឆ្កោក។
ការដាំព្រៃលិចទឹកនៅក្នុងភូមិសាស្ត្រស្រុកជលគីរីខាងលើនេះ ដោយមានការអញ្ជើញចូលរួមដឹកនាំពីលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ដូវ គឹមស៉ីង អភិបា លស្រុកជលគីរី ក្រុមយុវជន ស.ស.យ.ក មន្ត្រី នៃមន្ទីរក សិកម្មខេត្ត និងមន្ត្រីរដ្ឋបាលជលផលបប្រមាណ ៣០០នាក់ បានអញ្ជើញចូលរួម។
នៅក្នុងឱកាសនោះលោក សាន់ យូ បានលើកឡើងអំពីសារៈប្រយោជន៍ នៃព្រៃលិចទឹកឱ្យដឹងថា ព្រៃលិចទឹកមានតួនាទីយ៉ាងសំខាន់ណាស់ក្នុងវិស័យជលផល ព្រៃលិចទឹកជាទីជម្រកយ៉ាងសំខាន់ ជាប្រភពផ្ដល់ចំណីនិងជាកន្លែង ពងកូនយ៉ាងកក់ក្តៅរបស់ហ្វូងមច្ឆាជាតិ និងវារីសត្វផ្សេងៗទៀតដែលជាធនធានជលផល ព្រោះថានៅក្នុងព្រៃលិចទឹកមានចំណីធម្មជាតិយ៉ាងសម្បូរបែបដែលអាច បំប៉នជីវៈចម្រុះជាធនធានជលផលខាងលើនេះ ឲ្យមានការរីកចម្រើនច្រើនយ៉ាងឆាប់រហ័ស។
លោកបានបន្តថា «ព្រៃលិចទឹកក៏មានតួនាទីដ៏ពិសិដ្ឋក្នុងការទប់ស្កាត់ការហូរច្រោះដីពីទីខ្ពស់ទៅកាន់ទីទាប វាក៏អាចជួយបន្ថយល្បឿននៃការហូរច្រោះដី និងដុះដីរៀងរាល់ឆ្នាំដែលជាប្រភព នៃការគោករីងបណ្ដាលឲ្យខូចដែននេសាទ ជាពិសេសដែននេសាទទឹកសាបដែលមានឈ្មោះល្បីថា សម្បូរត្រី រហូតដល់មានពាក្យស្លោកពោលថា ទីណាមានទឹក ទីនោះមានត្រី ហើយទីណាមានព្រៃលិចទឹក ទីនោះសំបូរត្រី»។
លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមទៀតថា ព្រៃលិចទឹកក៏ជារបាំងខ្យល់ព្យុះការពារលំនៅដ្ឋានរបស់ប្រជានេសាទ ឬប្រជាពលរដ្ឋដែលមានលក្ខណៈជាភូមិបណ្ដែតទឹក ភូមិក្នុងទឹក ឬលំនៅឋានតាមមាត់ទន្លេ ហើយក៏អាចជួយ ប្រជានេសាទក្នុងការផ្ដល់ឈើវរ័ផ្សេងៗសម្រាប់ប្រើប្រាស់ជាឈើសំណង់ ឬជាឧបករណ៍សម្ភារនេសាទ ក្រៅពីតួនាទីដ៏ពិសិដ្ឋខាងលើនេះព្រៃលិចទឹកក៏មានអត្ថប្រយោជន៍យ៉ា ងសំខាន់គួរឲ្យកត់សម្គាល់ផ្សេងៗទៀតជាច្រើនផងដែរ។
ជាចុងក្រោយលោកអភិបាលរងខេត្ត ក៏បានណែនាំ និងផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកជនគិរីក៏ ដូចជាប្រជាពលរដ្ឋមកពីក្រៅស្រុកត្រូវរួមគ្នាជួយថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិឲ្យឋិតថេរគង់វង្សសម្រា ប់ជាប្រយោជន៍ដល់យើងទាំងអស់គ្នានឹងកូនចៅយើងជំនាន់ក្រោយផងដែរ៕