(ភ្នំពេញ)៖ សិស្សានុសិស្សចំនួន ៣៦២៥នាក់ មកពីវិទ្យាល័យចំនួនប្រាំក្នុងខេត្តកំពង់ស្ពឺ បានសម្ដែងការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការចូលរួមសិក្សាស្វែងយល់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម តាមរយៈកម្មវិធីផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក.ចល័ត ឬរថយន្ដក្រុង អ.វ.ត.ក.ចល័ត ដែលត្រូវបានរៀបចំឡើងពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

លោក ក្រាញ់ តូនី រដ្ឋលេខាទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃសាលាក្ដីខ្មែរក្រហម បានសាទរចំពោះលទ្ធផលនេះ ដោយឯកឧត្តមបានគូសបញ្ជាក់ថា «យើងខ្ញុំពិតជារីករាយណាស់ដោយបាន ឃើញយុវជនជំនាន់ក្រោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងទាក់ទងនឹងការសិក្សាស្វែងយល់អំពីប្រវត្តិសាស្ដ្ររកម្ពុជា តាមរយៈការចូលរួមនៅក្នុងកម្មវិធីផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័តនេះ»

លោកបានបន្ថែមថា «ការចូលរួមរបស់កូនក្មួយយ៉ាងសស្រាក់សស្រាំនេះ នឹងធ្វើឱ្យយើងខ្ញុំកាន់ តែ មានទឹកចិត្តបន្ដ និងជម្រុញឱ្យមានកិច្ចការងារផ្សព្វផ្សាយឱ្យកាន់តែផុសផលឡើងដល់ក្មួយៗបន្ថែមទៀត ដើម្បីជួយឱ្យក្មួយៗ ទទួលបានចំណេះដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ដ្រនៃរបបខ្មែរក្រហម ក៏ដូចជាបានយល់ដឹងអំពីដំណើរការកាត់សេចក្ដីនៅក្នុង អ.វ.ត.ក. ដែលការយល់ដឹងនេះគឺជាផ្នែកមួយដ៏សំខាន់ក្នុងការទប់ស្កាត់ការវិលត្រលប់មកវិញនូវរបបប្រល័យពូជសាសន៍ដ៏យង់ឃ្នងនេះ»

លោកប្រធានរដ្ឋបាលស្ដីទី បញ្ជាក់បន្ថែមថា សាលាក្ដីខ្មែរក្រហម តាមរយៈមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត នេះ នឹងបន្ដ រៀបចំសកម្ម ភាព ផ្សព្វផ្សាយអំពីសមិទ្ធផលរបស់ខ្លួនដល់យុវជនជាច្រើនទៀតនៅតាមបណ្ដាខេត្ដនានានៅទូទាំងប្រទេសកម្ពុជា ដើម្បីជម្រុញឱ្យពួកគេបាយល់ដឹងពីសារៈសំខាន់នៃការជំនុំជម្រះក្ដីលើអតីតមេដឹកនាំ និងអ្នកទទួលខុសត្រូវលើឧក្រិដ្ឋកម្មធ្ងន់ធ្ងរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចងចាំអំពីទុក្ខលំបាកវេទនាដែលប្រជាពលរដ្ឋកម្ពុជានៅក្នុងរបបប្រល័យពូជសាសន៍ យល់ដឹងពីតម្លៃនៃសន្ដិភាព និងចូលរួមថែរក្សា ការពារសន្ដិភាពដែលកម្ពុជាកំពុងទទួលបានសព្វថ្ងៃនេះ។

លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយនេះបានលើកឡើងស្រដៀងៗគ្នាថា ពួកគេពិតជារីករាយ និងទទួលបានចំណេះដឹងបន្ថែមជាច្រើន នៅពេលបានចូលរួមក្នុងកម្មវិធីមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត។

លោក អេង ថាវុធ នាយកវិទ្យាល័យ កំពង់ស្ពឺ បានសម្ដែងការត្រែកអរ និងអរគុណចំពោះវត្តមានរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ដែលបានមកផ្សព្វផ្សាយនៅក្នុងវិទ្យាល័យនេះ។ សម្រាប់លោកនាយក កម្មវិធីផ្សព្វផ្សាយនេះបានជួយឱ្យសិស្សានុសិស្សបានយល់ដឹងយ៉ាងច្បាស់អំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម និងប្រវត្តិសាស្ដ្ររបបខ្មែរក្រហម។

លោកនាយកថា អ.វ.ត.ក. ចល័ត បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សិស្សរបស់ខ្ញុំ គឺជួយឱ្យពួកគេបានយល់ដឹងនូវដំណើរការកាត់សេចក្ដីលើមេខ្មែរក្រហម រឿងរ៉ាវលម្អិតនៅក្នុងរបបប្រល័យពូជសាសន៍ ឬរបបខ្មែរក្រហម និងរឿងរ៉ាវទុក្ខលំបាកវេទនារបស់ប្រជាជន ការរំដោះប្រទេសឱ្យមានសិទ្ធិសេរីភាពជាដើម។ លោកបន្ថែមថា ការផ្សព្វផ្សាយនេះក៏ជាផ្នែកមួយដែលជម្រុញយុវជនជំនាន់ក្រោយឱ្យកាន់តែចាប់អារម្មណ៍សិក្សាស្វែងយល់អំពីប្រវត្តិសាស្ដ្ររបស់កម្ពុជា ជាពិសេសប្រវត្តិសាស្ដ្រទាក់ទងនឹងរបបខ្មែរក្រហម។

នាយកវិទ្យាល័យ ហ៊ុន សែន បាត់ដឹង លោក នៅ សារឿន មានប្រសាសន៍ស្រដៀងគ្នាដែរថា ការចុះផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត បានផ្ដល់ផលប្រយោជន៍ដ៏ច្រើនដល់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូក្នុងវិទ្យាល័យ ហ៊ុន សែន បាត់ដឹង ព្រោះលោកថាកម្មវិធីនេះបានជួយបង្ហាញបន្ថែមដល់ពួកគេឱ្យបានស្គាល់និងបានទទួលចំណេះដឹងអំពីសមិទ្ធផលរបស់សាលាក្ដីខ្មែរក្រហម ជាពិសេសគឺមេដឹកមន្ដ្រីជាន់ខ្ពស់របបខ្មែរក្រហមត្រូវបាននាំយកមកជំនុំជម្រះក្ដី។

សូមបញ្ជាក់ថា វិទ្យាល័យចំនួនប្រាំក្នុងខេត្តកំពង់ស្ពឺ ដែលមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត បានចុះទៅផ្សព្វផ្សាយនោះរួមមាន វិទ្យាល័យហ៊ុន សែន បាត់ដឹង ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ វិទ្យាល័យ កំពង់ស្ពឺ ស្ថតិក្នុងក្រុងច្បារមន វិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួចវិទ្យាល័យ ចាន់ថ្នាល ស្ថតិក្នុងក្រុងច្បារមន និងវិទ្យាល័យឧដុង្គ ស្ថិតក្នុងស្រុកឧដុង្គ។

មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ចល័ត ជាកម្មវិធីផ្សព្វផ្សាយរបស់សាលាក្ដីខ្មែរក្រហម ដែលត្រូវបានរៀបចំឡើងដើម្បីចុះទៅផ្សព្វផ្សាយដោយផ្ទាល់អំពីសមិទ្ធផលរបស់ អ.វ.ត.ក. ជូនដល់អ្នកសិក្សាស្រាវជ្រាវ និងសាធារណជននៅទូទាំងប្រទេសកម្ពុជា។ នៅក្នុងកម្មវិធីនេះ មានការធ្វើបទបង្ហាញពីមន្ដ្រីផ្សព្វផ្សាយរបស់ អ.វ.ត.ក. ការដាក់តាំងផ្ទាំងរូបថតអំពីដំណើរការជំនុំជម្រះក្ដី ការចូលទៅប្រើប្រាស់ធនធាននៅក្នុងរថយន្ដក្រុងដែលត្រូវបានបំពាក់ដោយបច្ចេកវិទ្យាដ៏ទំនើប រួមមានកុំព្យូទ័រយួរដៃម៉ាស៊ីនបញ្ចាំងរូបភាព ផ្ទាំងអន្តរកម្មសម្រាប់បង្ហាញឯកសារ មាតិកា និងចាក់បញ្ចាំងវីដេអូអប់រំជាដើម។

ចាប់ពីខែមិថុនា ឆ្នាំ២០២៤ មជ្ឈមណ្ឌលធនធា អ.វ.ត.ក.