(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ជួបពិភាក្សាការងារជាមួយលោក តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការលើមិត្តភាពទំនាក់ទំនងរវាង ប្រទេសទាំងពីរ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងឱកាសនោះលោក តូ ឡឹម បានកោតសរសើរចំពោះការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាមក៏បានអបអរ សាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះ ត្រចង់ នៃការបោះឆ្នោតកន្លងមកនេះ។

លោកបានគូសបញ្ជាក់ទៀតថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្ត្រ ដែលបានប្រឆាំងនឹងសត្រូវរួមគ្នា និងមានចំណងមិត្តភាព សាមគ្គីភាពគ្នាល្អលើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋ សង្គមនិយមវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ និងបាន អបអរសាទរជាថ្មីចំពោះការតែងតាំងលោកជាប្រធានរដ្ឋកាលពីពេលថ្មីៗនេះ។

សម្តេចបណ្ឌិតបានបន្តទៀតថា តាមរយៈសមាគមមិត្តភាពនៃប្រទេសទាំងពីរ នឹងបន្តពូនជ្រំទំនាក់ទំនង មិត្តភាព និងសាមគ្គីភាពជាបងប្អូនជាអ្នកជិតខាងភូមិផង របងជាមួយគ្នាយ៉ាងជិតស្និទ្ធដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរ អង្វែង»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរដល់លោក តូ ឡឹម (TO Lam) និងគណៈប្រតិភូសូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ៕