(កំពង់ឆ្នាំង)៖ លោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង និងលោកឧត្ដមសេនីយ៍ទោ ហាក់ ងួនឈាង មេបញ្ជាការកងវិស្វកម្មអង្គរក្ស លោកស្រី ឡេង ផលលាភី ព្រមទាំងបុត្រ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤នេះ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃចំនួន ០៨វត្ត នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ព្រះសង្ឃចំនួន ៨វត្ត ដែលទទួលបានទៀនព្រះវស្សា និងទេយ្យទានមួយចំនួនធំសម្រាប់ត្រៀមនាពេលចូលព្រះវស្សា ដែលនឹងមកដល់នាពេលខាងមុខនេះរួមមាន៖ វត្តព្រះវិហារ ហ្លួង , វត្តក្រឡាញ់ចាស់ , វត្ត បល្ល័ង្ក , វត្តទ្រា , វត្ត មង្គល បញ្ញា, វត្តព្រាល , វត្ត បល្ល័ង្ក រង្សី និងវត្តតាសុត។ ជាមួយនឹងការប្រគេនទៀនព្រះវស្សា និងទេយ្យទាននេះដែរលោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណឡេង និងក្រុមគ្រួសារក៏បាននិមន្តព្រះសង្ឃ បង្សុកូល ជូន អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៏ ញាណ ឡេង គម្រប់ខួប១ឆ្នាំ ៦ខែ។
សូមបញ្ជាក់ដែរថា ទៀនព្រះវស្សា និងទេយ្យទាន ដែលបានប្រគេនវត្តទាំង០៨ នេះរួមមាន៖ អង្ករ ៥០ គីឡូ ក្រាម, មី ១កេសធំ, ទឹកសុទ្ធវីតាល់ ៤កេស, ត្រីខ ១កេសធំ, ទឹកក្រូចកូកា ៤កេស, ភេសជ្ជៈ ១ កន្ត្រក, ប្រេង ឆា១ដប ៥លីត្រ, ទឹកដោះគោ ខាប់ ១កេសធំ, សៀង១កែវ ៥គីឡូ, សាប៊ូម្សៅ១ថង់ ៤គីឡូ, ទៀនព្រះវស្សា៣តឹក ១គូ និងថវិកា ៥០ មុឺនរៀល ។
លោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទិត មាលា ញាណឡេង ក៏ដាក់រូប រាជសីហ៍ មួយគូរនៅមុខ សាលាឆាន់ នៅ វត្ត សម្ដេច នន្ទ ង៉ែត សែនជ័យ សត្ថារាម ហៅ វត្តក្រឡាញ់ចាស់ ភូមិស្រងាំទេ ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង។
សូមជម្រាបថា រដូវកាលចូលព្រះវស្សាមានរយៈពេល៣ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌ វិន័យផ្សេងៗក្នុងរយៈពេល៣ ខែនៃការចូលកាន់ព្រះវស្សានេះ។ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។
សម្រាប់វត្តអារាមនីមួយៗក្នុងរយៈពេល៣ ខែ ក្នុងរដូវធ្លាក់ភ្លៀង មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយតាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។
បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព ហើយការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង៕